រាជធានីភ្នំពេញ៖ ឯកឧត្តម​ ប៉ែន​ អ៊ាន​ ទីប្រឹក្សា​ផ្ទាល់​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានធ្វើ​លិខិត​អន្តរាគមន៍​មួយច្បាប់​គោរព​ជូន​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ ដោយស្នេីសុំ​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ធ្វើ​ការ​ពិនិត្យ​លេីលោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង​ ខេត្ត​មណ្ឌលគីរី​ និង​ មន្ត្រី​ស្រុក​ អូររាំង​មួយចំនួន​ទៀត​ដែល​តែងតែ​ប្រើ​អំណាច​គម្រាម​កំហែង​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ និង​ឃុបឃិត​គ្នា​ជាប្រព័ន្ធ​ធ្វើ​ឯកសារយកដីរដ្ឋ​ និង​ ដី​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ ធ្វើ​ជាកម្មសិទ្ធិ​រួចយកទៅលក់​អោយឈ្មួញ​ ។

ជនជាតិ​ដើមភាគ​តិច ៨ គ្រួសារ រស់​នៅ​ឃុំ​សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចោទ​អភិបាល​ស្រុក​នេះ​ថា បាន​គប់គិត​គ្នា​ជា​មួយ​ឧកញ៉ា​ម្នាក់​លួច​ធ្វើប្លង់​កម្មសិទ្ធិ​លើ​ដី​ចំនួន ៤ ហិកតា ដែល​ពួកគេ​បាន​នឹង​កំពុង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ១៩៩៧ រហូត​មក​ដល់​បច្ចុប្បន្ន។

គួររំលឹកដែលថា ករណីឧកញ៉ា ស្រី ចន្ធូរ បានទន្ទ្រានកាន់កាប់ដីព្រៃនៅចំណុចនិយាមកាលេខ(៧៣៩៣២៤-១៣៦៤៦៣៣) នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺមានការឃុបឃិតពីសំណាក់មេឃុំសែនមនោរម្យ និងលោក សៀក មុន្នី អភិបាលស្រុកអូររាំង ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេនោះ គឺឧកញ៉ា ស្រី ចន្ធូរ និងឈ្មួញដទៃទៀតមិនអាចទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅក្នុងភូមិពូរាំង តាមអំពើចិត្តបានឡើយ។ មជ្ឈដ្ឋាននានា​បានលើកឡើងថា ការវែកមុខមន្ត្រីជាប់ពាក់ព័ន្ធដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់ គឺជាបញ្ហាដ៏សំខាន់ដើម្បីឲ្យការបង្ក្រាបទប់ស្កាត់ករណីកាន់កាប់ដីព្រៃរបស់រដ្ឋនៅឃុំសែនមនោរម្យ ស្រុកអូររាំង ឲ្យមានប្រសិទ្ធភាពពិតប្រាកដ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ប្រសិនបើគ្មានការវែកមុខមន្ត្រីជាប់ពាក់ព័ន្ធដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់នោះទេ​ គឺប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីចម្ការស្រល់ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។

ហេតុនេះលោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គួរចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមឈ្មួញ និងមន្ត្រីដែលជាប់ពាក់ព័ន្ធ ហើយចៀសវាងកុំធ្វើឲ្យតែល្អមើល ខាតពេលវេលាឥតប្រយោជន៍។ មានន័យថា ទាំងឧក​ញ៉ា ស្រី ចន្ធូរ និងឈ្មួញដទៃទៀត ព្រមទាំងអ្នកមានលុយ មានអំណាចដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ដីចម្ការស្រល់របស់រដ្ឋនៅស្រុកអូររាំង ត្រូវតែប្រឈមនឹងវិធានការផ្លូវច្បាប់ ទើបមានតម្លាភាពពិតប្រាកដ​ ៕

https://blogger.googleusercontent.com/img/a/AVvXsEgTjDZtmPKgtGnb_XYMKV5SXXkUVWvlqQlBR6RP_8huN_krD9BnUskJysVGxI_GYRb9eBVCCMnCwdSACgxH2dmcAAHtid_D_DQa9D86OrYlBfFjjs2qW4mnhBvSOgsgAdpssiDaVJn6n5Kg2vfzIYADuo5FWvulhZLQUZPCaG-lBt_QYuX-qHLR4bij=s680

https://blogger.googleusercontent.com/img/a/AVvXsEjaOQQ9lwqDeWThyDfQyyy8zj40aEsrOtMkPHnpNallYeH0T9yPyxuThfkbgIBZvBS0YSRpiVXyyINp-p-XRzVs7cJGdiaEtgBipwgxfK3CuWKzSlIE3SJ0GViTXEHzgEspfsOTOpxmaI1GFKmKxVlpfk7KLvBwvLoJZVXb1KklXil5sF14rEuVTMxK=s680