រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ អំពើព្រៃផ្សៃទៅលើជនស៊ីវិល ហើយការបង្កើតលេសចោទប្រកាន់ ចាប់ចង ឬកាត់ទោសយ៉ាងឃោរឃៅទៅលើអ្នកនយោបាយរបស់គណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី ដែលបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅតែបន្ដ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយតុលាការរបបសឹកមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិតសមាជិកសំខាន់២រូប កាលពីចុងសប្ដាហ៍មុននេះ។

បើតាមសារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា របបសឹកមីយ៉ាន់ម៉ា បានអះអាងថា តុលាការយោធារបស់ខ្លួន កាលពីថ្ងៃទី២១ ខែមករា បានកាត់ទោសប្រហារជីវិតទៅលើសមាជិកម្នាក់ នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ោង សាន់ស៊ូជី (Daw Aung San Suu Kyi) ដែលត្រូវបានបណ្ដេញចេញពីអំណាច។ តុលាការបានចោទប្រកាន់តំណាងរាស្រ្ដម្នាក់នោះពីបទប្រព្រឹត្ដអំពើភេរវកម្ម។

បើតាមអង្គការឃ្លាំមើលក្នុងស្រុក បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែខ្លាំងឡើង ចាប់តាំងពីមានអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយព្រឹត្ដិការណ៍នោះ ពួកយោធាបានសម្លាប់ជនស៊ីវិល ជាង ១ ៤០០នាក់ និង ជាង១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំឃាំង នៅក្នុងសកម្មភាពបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើអ្នកប្រឆាំងនឹងអំពើរដ្ឋប្រហាររបស់ពួកគេ។ សកម្មភាពដ៏ឃោរឃៅរបស់ពួកយោធា បាន និង កំពុងជំរុញឲ្យមានចលនាបះបោរ ដោយកម្លាំងប្រដាប់អាវុធពីជនស៊ីវិល នៅទូទាំងប្រទេសអាស៊ានមួយនេះ។

គូប្រជែងនយោបាយដ៏សំខាន់ជាមួយនឹងរបបយោធា រួមមាន សម្ព័ន្ធមិត្ត នៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ោងសាន់ ស៊ូជី បានទៅលាក់ខ្លួន នៅទូទាំងប្រទេស ហើយក្រុមកងកម្លាំងការពារប្រជាជន ក៏បានផ្ទុះឡើង នៅទូទាំងប្រទេសផងដែរ ដើម្បីប្រមូលកម្លាំងគ្នា ដណ្តើមយកជ័យជម្នះ លើរបបយោធាដ៏ឃោរឃៅ នៅក្នុងប្រទេសរបស់ពួកគេ។

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថា លោក U Phyo Zeyar Thaw ជាតំណាងរាស្រ្ដម្នាក់ នៃគណបក្ស NLD ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ គាត់ត្រូវបានតុលាការរបបសឹក កាត់ទោសប្រហារជីវិត ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋ ក្រោមសកម្មភាពប្រឆាំងភេរវកម្ម។ ចំណែក សកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាញមួយរូបទៀត គឺលោក Ko Kyaw Min Yu ដែលត្រូវបានគេស្គាល់ឈ្មោះ «Ko Jimmy» ក៏ត្រូវបានកាត់ទោសដូចគ្នា ពីសាលាក្តីយោធា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបន្ថែមរូបថតរបស់បុរសទាំងពីរនាក់នេះផងដែរ៕