ប្រទេសឥណ្ឌា៖ ថ្មីៗនេះប៉ូលីសឥណ្ឌាបានចាប់ខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ រងការចោទប្រកាន់ពីបទដុតធនាគារក្នុង ក្រុង Karnataka  បន្ទាប់ពីធនាគារបានបដិសេធប្រាក់កម្ចីរបស់ខ្លួន។

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងក្រុង Karnataka  នៃប្រទេសឥណ្ឌា ដោយធនាគារមួយកន្លែងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្អើលអស់មហាជននៅក្បែរនោះ។ ហេតុការណ៍ភ្លើងឆេះនេះគេបានឱ្យដឹងថាបណ្ដាលមកពីបុរសម្នាក់ឈ្មោះថា Wasim Mula Wan អាយុ ៣៣ ឆ្នាំ បានដុតធនាគារនេះចោល ព្រោះគេខឹងចិត្តខាងធនាគារមិនឱ្យខ្ចីលុយ បន្ទាប់ពីរូបគេបានខ្ចីប្រាក់ពីធនាគារមួយនេះក្នុងចំនួន ៧ម៉ឺនដុល្លារជាង កាលពីខែធ្នូឆ្នាំ ២០២១ ប៉ុន្តែសំណើរបស់គេ ត្រូវបានបដិសេធ ដោយសារតែបុរសរូបនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីស្នើសុំប្រាក់កម្ចីបាននោះទេ  លុះរហូតមកដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២២ គាត់បានជិះម៉ូតូទៅសាខា ធនាគារនោះដដែល  បន្ទាប់មកគាត់បានវាយកញ្ចក់ និង បានធ្វើការដុតធនាគារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលគេជុំវិញនោះ និងបុគ្គលិកបម្រើការ។ ប៉ុន្តែសំណាងល្អក្រុមអ្នកពន្លត់អគ្គិភ័យក៏អាចគ្រប់គ្រងអគ្គិភ័យបានមួយចំនួនធំ ដោយក្នុងហេតុការនេះមានការខូចខាតនូវកុំព្យូទ័រចំនួន៥ គ្រឿងកង្ហារ សៀវភៅកត់ត្រា ទូលុយ  និងចំនួនទឹកប្រាក់ជាក់លាក់ជាង ៥ ពាន់ដុល្លារ។

យ៉ាងណាមិញសាក្សីបានឲ្យដឹងថាបន្ទាប់ពីភ្លើងបានរលត់ទៅ ប្រជាជននៅក្នុងតំបន់នោះប្រញាប់ទៅឃាត់ខ្លួនលោក Wasim រហូតទាល់តែប៉ូលិសមកដល់ ហើយបានសាកសួរពីមូលហេតុនៃការដុតនេះ ដោយបុរសរូបនេះបានបកស្រាយថា “គាត់ខឹងដែលធនាគារមិនឱ្យខ្ចីលុយ ទើបសម្រេចចិត្តដុតធនាគារនេះចោល” តែទោះជាយ៉ាងណាប៉ូលិសក៏កំពុងស៊ើបអង្កេតលើហេតុការណ៍មួយនេះបន្តទៀត៕ ប្រភព៖ Khaosod