រដ្ឋធានីហ្ស៊ឺណែវ៖ ចំពេលវិបត្ដិអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក ជំរុញឲ្យប្រធានាធិបតី ចូ បៃដិន ទម្លាក់គ្រឿងសព្វាវុធទំនើបៗ ជួយដល់កងទ័ពរបស់ប្រទេសធ្លាប់ជារដ្ឋអតីតសហភាពសូវៀតនោះ ប្រមុខការទូតប្រទេសមានអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និងយោធា កាលពីថ្ងៃទី២១ ខែមករា បានព្រមានធ្ងន់ៗដល់សមភាគីរុស្ស៊ី នៅក្នុងកិច្ចពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ បន្ធូរបន្ថយនូវភាពតានតឹង រវាងរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា លោក អែនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក បានព្រមានទៅកាន់លោក Sergei Lavrov រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី ថា ទីក្រុងម៉ូស្គូ នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ពីកម្លាំងរួមគ្នារបស់សហរដ្ឋអាមេរិក និង លោកខាងលិច ប្រសិនបើរុស្ស៊ី ប្រថុយប្រថាន វាយលុកចូលឈ្លានពានទៅលើទឹកដីអ៊ុយក្រែន។

ការព្រមានពីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិកដល់សមភាគីរុស្ស៊ី បានកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមផ្តល់លិខិតសរសេរដោយផ្ទាល់ដៃជូនដល់រដ្ឋាភិបាលទីក្រុងមូស្គូ ដោយបញ្ជាក់អំពីការយល់ព្រម ធានាសន្តិសុខ តបតាមការចង់បានរបស់រុស្ស៊ី គឺ «ការប្តេជ្ញាមិនឲ្យប្រទេសអ៊ុយក្រែន ក្លាយជាសមាជិកមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO »។

លោក Antony Blinken រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា «យើងបានបញ្ជាក់ច្បាស់ហើយ… ប្រសិនបើកងកម្លាំងទ័ពណាមួយរបស់រុស្ស៊ី ចល័តឆ្លងកាត់ព្រំដែនអ៊ុយក្រែន គឺបង្ហាញអំពីការឈ្លានពានរបស់រុស្ស៊ី។ ជាមួយគ្នានេះ រុស្ស៊ីក៏នឹងត្រូវទទួលបានការឆ្លើយតបត្រឡប់មកវិញភ្លាមៗ យ៉ាងធ្ងន់ធ្ងរ និងជាលក្ខណៈរួបរួម ពីសំណាក់សហរដ្ឋអាមេរិក ដៃគូ និងសម្ព័ន្ធនានារបស់យើង»។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងការអំពាវនាវ កាន់តែខ្លាំងឡើង ពីគ្រប់មជ្ឈដ្ឋាននយោបាយរបស់សហរដ្ឋអាមេរិក ជំរុញឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ជាមុន ប្រឆាំងនឹងរុស្ស៊ី។ ចំណែកអ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក កំពុងតែទាមទារឲ្យលោកប្រធានាធិបតី បៃដិន ទម្លាក់គ្រឿងសព្វាវុធតាមអាកាស ជួយដល់កងទ័ពរបស់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

ដោយឡែក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុនេះ បានចេញនូវការទាមទារទៅកាន់លោកខាងលិច ដោយរួមទាំងអ៊ុយក្រែ ថា ត្រូវតែបញ្ឈប់ការចូលរួមជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ។ លោកប្រធានាធិបតី ចង់ឱ្យសម្ព័ន្ធភាពការពារលោកខាងលិចបោះបង់សកម្មភាពយោធា នៅអឺរ៉ុបខាងកើត ប៉ុន្តែរុស្ស៊ី ក៏មិនបានធានាឡើងវិញ ចំពោះសកម្មភាពរបស់ខ្លួន៕