រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ អង្គការជនជាតិភាគតិច បានអំពាវនាវដល់អង្គការធំៗ នៅលើពិភពលោក កំណត់តំបន់គ្មានការហោះហើរយោធា និង តំបន់ការពារជនស៊ីវិល ហើយការអំពាវនាវបែបនេះ បានកើតឡើង ដោយសារពួកយោធាមីយ៉ាន់ម៉ា បង្កើនការវាយប្រហារទៅលើភូមិឋានរបស់ប្រជាពលរដ្ឋ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថា អង្គការនយោបាយជនជាតិភាគតិចដ៏ចំណាស់ជាងគេ ចំនួនបី នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានជំរុញឱ្យអង្គការសហប្រជាជាតិ (UN), សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង សហគមន៍អន្តរជាតិ ប្រកាសពីតំបន់គ្មានការហោះហើរខាងយោធា និង ដើម្បីធានាជាអន្តរជាតិនូវការការពារតំបន់សុវត្ថិភាពជនស៊ីវិល។ ការអំពាវនាវបែបនេះ បានកើតឡើង ដោយសារតែ របបយោធាបង្កើនការវាយប្រហារ តាមអាកាស ដោយមិនរើសអើង ទៅលើគោលដៅជនស៊ីវិល។

រហូតមកដល់ពេលនេះ កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងតែបង្កើនការវាយប្រហារ តាមអាកាស និង វាយប្រហារលើកងកម្លាំងការពារប្រជាជន (PDF) ហើយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) ក៏ដូចជា គោលដៅជនស៊ីវិល រួមទាំង តំបន់លំនៅឋាន និងជំរំជនភៀសខ្លួន ជាពិសេស នៅតំបន់ Magwe តំបន់ Sagaing រដ្ឋ Chin, រដ្ឋKachin, រដ្ឋ Shan, រដ្ឋ Kayah និង រដ្ឋ Karen ៕