រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ១៩ ដោយកើតមេរោគបំប្លែងអូមីក្រុង បន្ទាប់ពីឃើញស្ថានអ្នកជំងឺកើតមេរោគនេះ មិនមានសភាពធ្ងន់ធ្ងរ។

កាលពីពេលមុនក្នុងដំណាក់កាលតាមដានស្ថានភាពនៃការវាយប្រហាររបស់ជំងឺកូវីដ១៩នោះ សម្តេចតេជោ បានចេញបទបញ្ជាឱ្យអ្នកជំងឺអូមីក្រុងទាំងអស់ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ។

តែក្នុងសារសំឡេងពិសេសនាយប់នេះ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ថា អូមីក្រុង ទោះបីមានការចម្លងលឿន តែវាមិនមែនជាប្រភេទជំងឺដ៏គ្រោះថ្នាក់នោះទេ បើធៀបជាមួយដែលតា ជាមួយអាល់ហ្វា ដែលយើងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែង។

យោងទៅលើហេតុផលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជាថ្មី ដោយអនុញ្ញាតឱ្យអ្នកជំងឹអូមីក្រុងអាចព្យាបាលនៅតាមផ្ទះសម្រាប់ពលរដ្ឋខ្មែរ។ ដោយឡែកជនបរទេសអាចព្យាបាលនៅសណ្ឋាគារ ឬនៅតាមស្ថានទូត។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដូចខាងក្រោម៖

១៖ សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបីអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែង ដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យទៀតទេ។

២៖ ប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរមកពីបរទេស ទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការចាំបាច់ដូចកាលពីពេលមុន ដែលតម្រូវត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ។ អ្នកជំងឺទាំងឡាយ ត្រូវរកទីកន្លែងសមរម្យ ក្នុងករណីតាមផ្ទះមិនអាចសម្រាកព្យាបាលបាន ចាំទៅមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្តែក្នុងករណីអាចព្យាបាលបាន សុំផ្តល់ឱកាសព្យាបាលនៅតាមផ្ទះ និងតាមទីកន្លែងដែលខ្លួនត្រូវការ។ មិនតម្រូវឱ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យដូចពេលមុនសម្រាប់ជំងឺអូមីក្រុងនោះទេ។

៣៖ អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅក្នុងម ន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ បើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។

សម្តេចតេជោ បានបញ្ជាក់ថា បទបញ្ជានេះចាប់ផ្តើមអនុវត្តន៍ពីយប់នេះតទៅ។ សម្តេចតេជោ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារ ក៏ដូចជាសាម៉ីខ្លួនចង់ចាកចេញពីមន្ទីរពេទ្យ ក៏អាចចាកចេញបាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញនូវសេចក្តីណែនាំបន្ថែមទៅលើវិធានការនានា ដើម្បីចៀសវាងការចម្លង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ចុងក្រោយថា ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះមិនមែនអនុញ្ញាតឱ្យដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។

សម្តេចតេជោសង្ឃឹមថា ភ្ញៀវបរទេសដែលចូលមកកម្ពុជា នឹងមិនព្រួយបារម្ភពីការដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីរកឃើញកើតមេរោគបំប្លែងថ្មីអូមីក្រុង៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖