រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍ ឡើងកម្ដៅកាន់តែខ្លាំង នៅតាមព្រំដែនអ៊ុយក្រែន ហើយប្រមុខការទូត លោក Blinken កំពុងតែចរចាជាមួយនឹងសមភាគីរុស្ស៊ី Sergei Lavrov ផងនោះ ក៏មានអ្នកនយោបាយសហរដ្ឋអាមេរិក មួយចំនួន កំពុងតែជំរុញឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទម្លាក់គ្រឿងសព្វាវុធតាមអាកាស ជួយដល់កងទ័ពអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ថា លោក អែនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និង លោក Sergei Lavrov រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី នឹងត្រូវចរចាគ្នា នៅល្ងាច នេះ នៅក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ ការចរចារគ្នា រវាងប្រមុខការទូតមហាអំណាចទាំង២នេះ បានកើតឡើង ចំពោះពេលមានការភ័យខ្លាច ថា រុស្ស៊ីអាចនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

លោក Blinken ប្រមុខការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា បានព្រមានដល់ទីក្រុងមូស្គូ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងកម្លាំងណាមួយរបស់រុស្ស៊ី បិទព្រំដែន ហើយវាយលុកចូលទៅលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រមុខការទូតសហរដ្ឋអាមេរិក បានចោលប្រកាន់រុស្ស៊ី ថា ក្រុងមូស្គូ បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅតាមព្រំដែន មានចេតនា ឈ្លានពានទៅលើអ៊ុយក្រែន។ ប៉ុន្ដែរុស្ស៊ីបានបដិសេធពីគម្រោងឈ្លានពាន។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញនូវការទាមទារទៅកាន់លោកខាងលិច ដោយរួមទាំងអ៊ុយក្រែ ថា ត្រូវតែបញ្ឈប់ការចូលរួមជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ។ លោកប្រធានាធិបតី ចង់ឱ្យសម្ព័ន្ធភាពការពារលោកខាងលិចបោះបង់សកម្មភាពយោធា នៅអឺរ៉ុបខាងកើត ប៉ុន្តែរុស្ស៊ី ក៏មិនបានធានាឡើងវិញ ចំពោះសកម្មភាពរបស់ខ្លួននោះដែរ។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងការអំពាវនាវ កាន់តែខ្លាំងឡើង ពីគ្រប់មជ្ឈដ្ឋាននយោបាយរបស់សហរដ្ឋអាមេរិក ជំរុញឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ជាមុន ប្រឆាំងនឹងរុស្ស៊ី។ ចំណែកអ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក កំពុងតែទាមទារឲ្យលោកប្រធានាធិបតី បៃដិន ទម្លាក់គ្រឿងសព្វាវុធតាមអាកាស ជួយដល់កងទ័ពរបស់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕