រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ ថា កងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានធ្វើទារុណកម្ម មុននឹងសម្លាប់អ្នកកាសែតជនជាតិភាគតិចឈិន និង ជនស៊ីវិលជាច្រើននាក់ផ្សេងទៀត នៅក្នុងរដ្ឋភាគខាងលិច ប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា បើតាមបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក និង ក្រុមចលនាតស៊ូកម្លាំងការពារទឹកដីឈិន (ហៅកាត់ CDF-Matupi) បានឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ា បានធ្វើទារុណកម្មទៅលើអ្នកកាសែតជនជាតិភាគតិចឈិនម្នាក់ មុនពេលនាំទៅសម្លាប់ជាមួយនឹងជនស៊ីវិល ចំនួន៩នាក់ផ្សេងទៀត ដោយរួមទាំងកុមារម្នាក់ ផងដែរ។ អំពើដ៏ព្រៃផ្សៃ និង អមនុស្សធម៌នេះ បានបង្កឡើង ដោយកងទ័ពមីយ៉ាន់ម៉ាន នៅក្នុងទីក្រុង Matupi រដ្ឋឈិន (Chin) ស្ថិតនៅភាគខាងលិច ប្រទេសមីយ៉ាន់ម៉ា។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្របពេលការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកងកម្លាំងការពារទឹកដីប្រចាំទីក្រុងម៉ាទូពី (CDF-Matupi) និង កងទ័ពរបបសឹក ចាប់តាំងពីចូលឆ្នាំមកនោះ ជនស៊ីវិល ចំនួន១១នាក់ ត្រូវបានពួកយោធាមីយ៉ាន់ម៉ា ចាប់ឃុំឃាំង តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែមករា នៅជិត Kihlun និង ភូមិ Longhlaw នៅតាមផ្លូវ ចេញពីទីក្រុង Matupi ឆ្ពោះទៅកាន់ទីក្រុង Hakha។ បន្ទាប់មក ពួកយោធារដ្ឋាភិបាលបានប្រើប្រាស់ជនស៊ីវិលទាំងនោះ ធ្វើជាខែលការពាររបស់ពួកគេ ដើម្បីធ្វើដំណើរពីមួយទៅភូមិមួយទៀត។

បើតាមអង្គការសិទ្ធិមនុស្ស ប្រចាំរដ្ឋឈិន បានអះអាងថា ពួកគាត់ កាលពីថ្ងៃទី៧ ខែមករា បានប្រទះឃើញសាកសពរបស់ជនរងគ្រោះ ចំនួន៨នាក់ ហើយក្នុងនោះមានកុមារអាយុ១៣ឆ្នាំម្នាក់ ឈ្មោះ Pa Le Naing នៅជិតភូមិLonghlaw ។ ដោយឡែកសាកសពរបស់ជនរងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានរកឃើញ នៅទីតាំងមួយ ចន្លោះពីភូមិ Kihlun និងភូមិ Kace ។ ក្នុងចំណោមកជនរងគ្រោះ ដែលត្រូវបានពួកយោធាសម្លាប់នោះ មានបុរសម្នាក់ ឈ្មោះ Pu Tui Dim អាយុ៥៥ឆ្នាំ ជាស្ថាបនិក និង ជាចាងហ្វាងទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ឈ្មោះ Khonumthung Media Group។ អ្នកកាសែតរូបនេះ កាលពីមុន ក៏ធ្លាប់ធ្វើការឲ្យអង្គការសិទ្ធិមនុស្សប្រចាំរដ្ឋឈិន (ហៅកាត់ CHRO) អស់រយៈពេលជាច្រើនផងដែរ៕