យោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានអោយដឹងថា គិតត្រឹមពាក់ កណ្តាល ខែមករាឆ្នាំ ២០២២ នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិ បាលចិន សម្រេចបានជិត ៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំ ពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវដែលមានប្រវែង ប្រមាណ៥៣ គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកក ស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី៣នេះ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត ៣០០លានដុល្លារអាមេរិក ក្នុងនោះ ២៧០លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានពីប្រទេសចិន។ ក្រសួងសាធារណការនិងដឹក ជញ្ជូនបានចុះកិច្ចសន្យាសាង សង់ជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះ ដែលមាន ការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនដែរ។

គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាង សង់ កាលពីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕

ប្រភព: ក្រសួងព័ត៌មាន