រាជធានីភ្នំពេញ ៖ ខ្លាឃ្មុំធំ មានឈ្មោះអង់គ្លេស Asiatic Black Bear និងឈ្មោះវិទ្យាសាស្រ្ត Ursus thibetanus) ហើយសត្វខ្លាឃ្មុំធំ នៅក្នុងរូបនេះ ត្រូវបានថតកាលពីពេលថ្មីៗ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។

ខ្លាឃ្មុំធំ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូរនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំ មានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។

តាមរបាយណ៍សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។ ខ្លាឃ្មុំធំ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕May be an image of big cat, black bear and outdoors