ប្រទេសចិន៖ នៅក្នុងប្រទេសចិនមានការចែកជូននូវកូនជ្រូកទៅដល់សិក្សានុសិស្សណាដែលរៀនពូកែ និងបានពិន្ទុល្អ និងផ្ដល់ជូនកូនជ្រូកឱ្យម្នាក់មួយក្បាល ដើម្បីជាការលើកទឹកចិត្ត ព្រមទាំងសង្ឃឹមថានឹងបន្តធ្វើឱ្យសេដ្ឋកិច្ចសហគមន៍រស់ឡើងវិញនាពេលអនាគត។

ក្នុងពេលថ្មីនេះនៅសាលាបឋមសិក្សា Xiangyang  ក្នុងស្រុក Yi Liang  ខេត្តយូណាន នៃទីប្រជុំជនជនបទតូចមួយ ដោយសាលាបានផ្តល់កូនជ្រូកដល់សិស្សដែលរៀនពូកែ និងនិន្ទេសល្អ ជាអំណោយដល់កុមារទាំងនោះ។ កម្មវិធីសម្រាលភាពក្រីក្របានផ្តល់ជូនឱ្យកុមារសាលាបឋមសិក្សាចំនួន ២០ នាក់នូវសត្វជ្រូកម្នាក់មួយក្បាលៗ ដោយសិស្សពូកែទាំង ២០ គ្រួសារបានឈរតម្រង់ជួរដើម្បីទទួលកូនជ្រូកពីនាយកសាលានៅទីនោះ។ តាមរយៈការប្រគល់រង្វាន់នេះផងដែរចាត់ទុកថាជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ព្រមទាំងជំរុញដល់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាត្រូវបានចាត់ទុកថាជាការជំរុញសេដ្ឋកិច្ចកម្រិតសហគមន៍ថែមទៀតផង។

យ៉ាងណាមិញលោក Ho Changliang ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សានោះ បានផ្តល់បទសម្ភាសន៍ថា លោកបានចែកកូនជ្រូកដល់សិស្សានុសិស្ស ដែលទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដែលស័ក្តិសមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ហើយសង្ឃឹមថាសិស្សទាំងនោះនឹងព្យាយាមបន្តទៀត បន្ថែមពីនេះការផ្ដល់ឱ្យកូនជ្រូកបែបនេះពិតណាស់សូម្បីតែក្រុមគ្រួសាររបស់សិស្សក៏មិនទាន់ឃើញអត្ថប្រយោជន៍ភ្លាមៗដែរ ប៉ុន្តែពួកគេពិតជានឹងទទួលបានអត្ថប្រយោជន៍ពីកូនជ្រូកទាំងនេះនៅពេល អនាគតសម្រាប់ជីវភាពគ្រួសារនិមួយៗ៕ ប្រភព៖ Khaosod