ប្រទេសជប៉ុន៖ នៅក្នុងប្រទេសជប៉ុនមានទីតាំងព្រៃមួយកន្លែងដ៏រន្ធត់ និងអាថ៌កំបាំង ហើយក៏ជាទីតាំងដែលប្រជាជនជប៉ុនមួយចំនួនមានការបាក់ទឹកចិត្ត និងវិបត្តិផ្សេងៗ ចូលមកធ្វើអត្តឃាត រហូតធ្វើឱ្យអាជ្ញាធរ និងអ្នកភូមិនៅតំបន់នោះមានការព្រួយបារម្ភ។

ភ្នំហ្វូជី នៃប្រទេសជប៉ុន  ជាទីតាំងមួយដ៏ស្រស់បំព្រង និងមានព្រៃឈើមានជីជាតិជាច្រើន និងធម្មជាតិដ៏ស្រស់ស្អាត តំបន់ភ្នំនេះបានក្លាយជាគោលដៅមួយដែលអ្នកទេសចរជុំវិញពិភពលោកចង់ទៅទស្សនាទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ប៉ុន្តែនៅកណ្តាលព្រៃដ៏ធំ និងមានជីជាតិនេះដែរ គឺមានផ្នែកមួយនៃព្រៃដែលបានប្រែក្លាយទៅជាកន្លែងខ្មោចលងដ៏រន្ធត់មួយនៅទីនោះ ហើយវាត្រូវបាន ប្រជាជនជប៉ុនជាមធ្យម ១០០ នាក់ក្នុងមួយឆ្នាំៗជ្រើសរើសជាកន្លែងបញ្ចប់ជីវិតចុងក្រោយរបស់ពួកគេ កន្លែងនោះគឺជាព្រៃឈ្មោះថា Aokigahara ដែលជាកន្លែងធ្វើអត្តឃាតដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុនចាប់ពីឆ្នាំ១៩៥០ ហើយព្រៃនេះដែលមានផ្ទៃដីប្រមាណ ៣៥ គីឡូម៉ែត្រការ៉េ លាតសន្ធឹងនៅជើងភ្នំហ្វូជី ។

ចំនួនអ្នកធ្លាក់ទឹកចិត្ដ និងចំនួននៃការធ្វើអត្តឃាតកំពុងកើនឡើងជាមធ្យមពី១០ទៅ៣០ភាគរយ ក្នុងមួយឆ្នាំៗ ដោយពួកគេធ្វើដំណើរទៅសម្លាប់ខ្លួននៅកន្លែងមួយនេះ រហូតធ្វើឲ្យព្រៃ Aokigahara ក្លាយជាកន្លែងខ្មោចលងក្នុងព្រៃដ៏សាហាវបំផុតមួយក្នុងពិភពលោក ដោយគេជឿថាព្រលឹងនៃអ្នកស្លាប់នៅតែវិលវល់ និងនៅនឹងដើមឈើក្នុងព្រៃមួយនេះរហូត។ មិនតែប៉ុណ្ណោះព្រៃនេះបានក្លាយជាអាថ៌កំបាំងផ្សេងៗ ដូចជាធ្វើឱ្យមនុស្សដែលបានចូលទៅហើយមិនអាចគេចចេញពីព្រៃនេះបាន ដោយក្នុងនោះទោះបីគេដឹងច្បាស់ថា ប្រទេសជប៉ុនជាប្រទេសមួយដែលមានអ្នកធ្វើអត្តឃាតច្រើនជាងគេបំផុតក្នុងពិភពលោកក៏ដោយ ប៉ុន្តែហេតុផលមួយក្នុងចំណោមហេតុផលដែលជនជាតិជប៉ុនជាច្រើនមានជំនឿថាព្រៃ Aokigahara ក្លាយជាទីអត្តឃាតដ៏ពេញនិយមនោះគឺ វាប្រហែលជាចាប់ផ្តើមនៅពេលដែលអ្នកនិពន្ធ Seisho Matsumoto សរសេរប្រលោមលោករឿង Kuroi Kaiju ដែលប្រើឈ្មោះព្រៃនេះជាកន្លែងសម្រាប់តួអង្គទាំងពីរធ្វើអត្តឃាត។ ចាប់តាំងពីពេលនោះមក មានមនុស្សសម្រុកចូលព្រៃដើម្បីសម្លាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់អាជ្ញាធរនៅតំបន់នោះដាក់ផ្លាកសញ្ញាសរសេរពាក្យព្រមាន និងលើកទឹកចិត្តអ្នកដែលមានបំណងចង់សំលាប់ខ្លួននៅច្រកចូលព្រៃនោះដូចជា “ជីវិតមានតម្លៃ សូមគិតឡើងវិញ” ឬ “គិតអំពីគ្រួសាររបស់អ្នកមុននឹងសម្រេចចិត្តធ្វើអ្វីមួយ” ។

ដោយឡែករឿងរ៉ាវដែលមានអ្នកចូលទៅធ្វើអត្តឃាតក្នុងព្រៃ Aokigahara  យ៉ាងច្រើនបែបនេះ វាបានធ្វើឱ្យមានផល់ប៉ះពាលដល់អ្នកភូមិ កម្មករព្រៃឈើ និង ប៉ូលិសមូលដ្ឋាននៅទីនោះ ដែលតែងតែ ប្រឈមមុខនឹងព្រឹត្តិការណ៍សោកនាដកម្ម និងគួរឱ្យភ័យខ្លាច ពីមួយពេលទៅមួយពេល ពីការស្លាប់ដែលបានកើតឡើងនៅព្រៃ Aokigahara អ្នកភូមិមិនមិន សប្បាយ ចិត្ត ពេក ទេ ដែល តំបន់ របស់ ពួក គេ ក្លាយ ជា កន្លែង ធ្វើ អត្តឃាត ដ៏ ល្បីបែបនេះ ហើយកម្មករព្រៃឈើនិងប៉ូលិសមូលដ្ឋានបានស៊ូទ្រាំ នឹងការមើលឃើញកំទេចកំទីសាកសពក្នុងព្រៃ ដែលភាគច្រើនជាសាកសពព្យួរពីដើមឈើ ហើយក៏មានគ្រោងឆ្អឹងដែលត្រូវបានសត្វព្រៃអូសមកស៊ីផងដែរ។

យ៉ាងណាមិញឥឡូវនេះ ព្រៃ Aokigahara  វាក៏ក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរបស់អ្នកទេសចរជាច្រើន ដូចជាការបោះជំរុំ ឬព្រឹត្តិការណ៍កីឡាជាដើម  ប៉ុន្តែអ្នកទស្សនាអាចទទួលបាននូវបរិយាកាសសោកសៅនៃព្រៃអាថ៌កំបាំងនេះ ដែលនៅតែមិនផ្លាស់ប្តូរ  ហើយក៏មានអារម្មណ៍ដូចជាមានភ្នែកជាច្រើននៅក្នុងព្រៃកំពុងសម្លឹងមកខ្លួន ដែលបណ្តាលឱ្យព្រៃ Aokigahara  វានៅតែជាកន្លែងអាថ៌កំបាំងដដែល ហើយក៏នៅតែបន្តរង់ចាំស្វាគមន៍ភ្ញៀវទេសចរដ៏ក្លាហាន ចូលទៅទស្សនាធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែបនៅទីនោះ៕ ប្រភព៖ Kapook