ប្រទេសទួរគី៖ វិចិត្រករទួរគីម្នាក់បានមានគំនឹតច្នៃប្រឌិតខ្ពស់ក្នុងការយកសំរាមមកធ្វើជារូបគំនូរយ៉ាងស្រស់ស្អាត និងគួរឱ្យទាក់ទាញដើម្បីជំរុញនៅក្នុងការអភិរក្សបរិស្ថាន។

កាលពីពេលថ្មីៗនេះ វិចិត្រករជនជាតិទួរគីម្នាក់ឈ្មោះថា Deniz Zagdik  បានធ្វើឱ្យមនុស្សម្នាគ្រប់គ្នាមានការស្រឡាំងកាំងជាខ្លាំងជាមួយនឹងរូបគំនូរប្លែកៗចំនួន២០ផ្ទាំងរបស់លោក ដែលបានដាក់តាំងនៅ អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល នៃប្រទេសទួរគី ដោយរូបគំនូរទាំងនេះគឺជាស្នាដៃដ៍អស្ចារ្យ និងបង្កើតឡើងដោយលោក Deniz Zagdik ផ្ទាល់។ វិចិត្រកររូបនេះបានប្រមូលយកនូវសម្ភារសំណល់ជាច្រើន ប្រភេទដែលប្រមូលបានពីអាកាសយានដ្ឋាន មកបង្កើតជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញ និងស្ទើរតែមិនគួរឱ្យជឿថានេះគឺជាការយកសំរាមមកច្នៃចេញជារូបរាងមនុស្សដែលមានលក្ខណៈជាជាតិសាសន៍ផ្សេងៗគ្នាដ៏រសរវើកដូចជាការយកជក់មកគូរលើក្រដាស់ដូចគ្នា។ ក្នុងនោះសមា្ភរៈដែលប្រើដើម្បីបង្កើតស្នាដៃសិល្បៈដ៏អស្ចារ្យនេះមានដូចជា ថង់ប្លាស្ទិកជាច្រើន ប៊ូតុងចម្រុះពណ៌ជាច្រើន សំណល់ក្រដាស ខ្សែភ្លើងតូចៗ និងសម្ភារសំណល់ដែលត្រូវបានគេបោះចោលនៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុលនេះ។

ក្នុងនោះអ្នកគ្រប់គ្រងព្រលានយន្តហោះនៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វិចិត្រករជនជាតិទួរគីម្នាក់នេះ បានផ្លាស់ប្តូរសម្ភារៈកាកសំណល់ជាច្រើនដែលប្រមូលបាននៅអាកាសយានដ្ឋានមួយនេះ ទៅជាស្នាដៃសិល្បៈដ៏អស្ចារ្យ បន្ថែមពីលើនៃសម្រស់រូបភាពដ៏ទាក់ភ្នែកហើយនោះ វាក៏ជាស្នាដៃសិល្បៈដែលជំរុញចំណាប់អារម្មណ៍សាធារណៈជនក្នុងការ ការពារបរិស្ថានមួយផ្នែកដែរ៕ ប្រភព៖ Khaosod