ខេត្តកំពង់ឆ្នាំង៖ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីដាំកូនឈើស្តារព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្រ្តឃុំច្រណុក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅបានវាយតម្លៃខ្ពស់ចំពោះ អត្ថប្រយោជន៍ នៃការដាំកូនឈើស្តារព្រៃលិចទឹកឡើងវិញនៅតាមតំបន់៣នៃបឹងទន្លេសាប ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការពង្រឹងប្រព័ន្ធការពារធនធានជីវ៖ចម្រុះនៃបឹងទន្លេសាប។
លោក បានបញ្ជាក់បន្ថែមថា ដើមឈើទាំងអស់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ជាទីជម្រកត្រីពងកូន និងជាចំណីសត្វគ្រប់ភេទ ជាងនេះទៀត វាក៏ផ្តល់ផលជាបន្លែបង្ការ សំរាប់បរិភោគ និងអាចយកទៅលក់ ដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
លោក សុខ គាង ក៏បានលើកទឹកចិត្តដល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវចូលរួមសហការ ជាមួយនិងមន្ត្រីឧទ្យាននុរក្ស របស់មន្ទីរបរិស្ថានខេត្ត ដើម្បីចូលរួមថែរក្សា ព្រៃលិចទឹក ដែលបានដាំនាពេលនេះ ទុកសំរាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងចូលរួមទប់ស្កាត់កំអោយមានជនខិលខូចកាប់ទ្រន្ទានដីព្រៃលិចទឹកនេះ តទៅថ្ងៃមុខទៀត។
ជាមួយគ្នានេះផងដែរ លោក ជំរុញឱ្យពង្រឹងការចូលរួមថែរក្សា ការពារអភិរក្ស ធនធានធម្មជាតិនេះ ទាំងរុក្ខជាតិ និងសត្វព្រៃ ដើម្បីយើងទាញយកផលប្រយោជន៍សេដ្ឋកិច្ច មកវិញតាមរយះការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាផងដែរ។
នៅក្នុងឱកាសនេះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ព្រៃលិចទឹកតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុប ប្រមានជា ៧៥.០២៧,១២ ហិកតា ដែលក្នុងនោះគ្របដណ្តប់លើស្រុកចំនួន៣ ស្មើ ១៥ឃុំ ក្នុងនោះមានស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងស្រុកជល់គីរី។
សូមបញ្ជាក់ថា យុទ្ធនាការដាំកូនឈើស្តារព្រៃលិចទឹកនៅក្នុងតំបន់៣នេះ បានរៀបចំឡើងជាលើកទី៥ហើយ ដោយក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង។ នៅក្នុងពេលនេះដែរ កូនឈើដែលត្រូវដាំមានឬស្សីផ្អែម ឬស្សីពីងពង់ ម្តេញ សណ្តាន់ និងរាំងទឹក សរុបចំនួន ៦៧៣៥ដើម ត្រូវបានដាំនៅក្នុង នៅលើផ្ទៃដី៥០ ហិកតា៕