រដ្ឋធានីណៃពិដោរ៖ កងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបើកការវាយប្រហារតាមអាកាស បណ្ដាលឲ្យជនស៊ីវិល យ៉ាងតិច១០នាក់ រងរបួស។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងទី១៤ ខែមករា ឆ្នាំ២០២២ ថា ជនស៊ីវិល យ៉ាងតិច១០នាក់ បានរងរបួស ក្រោយពេលមានការវាយប្រហារតាមអាកាស ពីកងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា ទៅលើតំបន់ ដែលគ្រប់គ្រង ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (Karen) ស្ថិតក្នុងរដ្ឋការ៉ែន ជិតព្រំដែនជាមួយនឹងប្រទេសថៃ។

បើតាមសាក្សី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ចំនួន២គ្រឿងរបស់កងទ័ព នៃរបបសឹក បានវាយប្រហារទៅលើជំរំមួយ គ្រប់គ្រង ដោយសមាគមប្រជាធិបតេយ្យ Karen Benevolent ដែលជាក្រុមបំបែកខ្លួនរបស់កងទ័ពរំដោះជាតិ Karen (KNLA)។ ជំរំនេះស្ថិតនៅជិតទីប្រជុំជនថ្មី Lay Kay Kaw ជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង អស់រយៈពេល១ខែកន្លងមកហើយ រវាងកងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា និង កម្លាំងប្រដាប់អាវុធ KNLA ។ ចំណែកជនស៊ីវិលរាប់ពាន់នាក់ បានរត់គេច ចេញពីការប្រយុទ្ធគ្នានោះ។

លោក Padoh Saw Taw Nee អ្នកនាំពាក្យ សហភាពជាតិការ៉ែន (Karen National Union) ជាភ្នាក់ងារនយោបាយ នៃ KNLA បានអះអាង កាលពីថ្ងៃទី១៤ ខែមករា ថា អស់រយៈពេលជាច្រើនថ្ងៃ កន្លងមកនេះ ពួកយោធា នៃរបបសឹក បានវាយប្រហារមកលើជំរំរបស់ជនស៊ីវិល។ ប៉ុន្ដែនៅថ្ងៃនេះ ពួកយោធា បានវាយសន្ធាប់យ៉ាងខ្លាំង ហើយរបបសឹក ក៏កំពុងតែព្យាយាម ដណ្តើមកាន់កាប់តំបន់ នៅជុំវិញ Lay Kay Kaw ។ ទោះជាយ៉ាងណា គេនៅមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នកស្លាប់នោះឡើយ៕