ភ្នំពេញ៖ គិតចាប់ពីពេលចាប់ផ្តើម បើកឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន Renaissance Minerals នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១ រាជរដ្ឋាភិបាល ទទួលបានចំណូល តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន បានចំនួនជាង១.៦លានដុល្លារអាមេរិក។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា គម្រោងអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន Renaissance Minerals នេះ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា«គិតចាប់ពីពេលចាប់ផ្តើម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals បានផ្តល់ចំណូលមិនមែនសារពើពន្ធ តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន ចូលក្នុងថវិកាជាតិ សរុបចំនួន ១,៦៧៧,០៦៣.៣៨ដុល្លារ»។

ជាមួយគ្នានេះ លោក អ៉ឹង ឌីប៊ូឡា ក៏បានឲ្យដឹងផងដែរថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។

លោកបន្ដថា ក្រុមហ៊ុនទាំងនោះពុំទាន់អាចវាយតម្លៃថា ជាការសិក្សាស្រាវជ្រាវ ផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅឡើយទេ ដោយហេតុថា គម្រោងសិក្សា ស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃ សក្តានុពលធនធានរ៉ែ និងមួយចំនួនទៀត កំពុងរៀបចំជារបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃជម្រកធនធនរ៉ែ។

បើតាមលោក អ៉ឹង ឌីប៊ូឡា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី នឹងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២២។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាល ទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕