បរទេស៖ ស្របពេលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង (Omicron) កំពុងតែផ្ទុះខ្លាំងនោះ អង្គការសុខភាពពិភពលោក ហៅកាត់«WHO» របស់អង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ចុងក្រោយ ឲ្យប្រើប្រាស់ថ្នាំលេប ចំនួន២ប្រភេទ សម្រាប់ព្យាបាលជំងឺកូវីដ-១៩

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា អង្គការសុខភាពពិភពលោក បានបន្ថែមឱសថ ចំនួន២ទៀត ទៅលើការណែនាំរបស់ WHO សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។ ការណែនាំរបស់ WHO នេះ បានកើតឡើង ស្របពេលវីរុស Omicron កំពុងតែឆ្លងរាតត្បាតកាន់តែខ្លាំងឡើង នៅជុំវិញពិភពលោក។

ក្រុមប្រឹក្សាអ្នកជំនាញអន្តរជាតិរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងការណែនាំ ដែលត្រូវបានបោះពុម្ព ដោយព្រឹត្ដិបត្រវេជ្ជសាស្រ្ដចក្រភពអង់គ្លេស ថា ថ្នាំ Baricitinib ដែលត្រូវបានគេប្រើប្រាស់ ព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃនោះ ក៏ត្រូវបានណែនាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរ រួមផ្សំជាមួយថ្នាំ Corticosteroids ផងដែរ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអ្នកជំនាញ ក៏បានផ្តល់ «អនុសាសន៍តាមលក្ខខណ្ឌ» សម្រាប់ Sotrovimab ដែលជាការព្យាបាល ដោយអង្គបដិប្រាណ Monoclonal ពិសោធន៍ សម្រាប់អ្នក មានជំងឺកូវីដ-១៩ មិនធ្ងន់ធ្ងរ ប៉ុន្តែវាមានហានិភ័យខ្ពស់បំផុត នៃការចូលមន្ទីរពេទ្យ។ អង្គបដិប្រាណ Monoclonal ជាសមាសធាតុ ដែលបង្កើតឡើង ដោយមន្ទីរពិសោធន៍ ដោយធ្វើតាមយន្តការការពារតាមធម្មជាតិរបស់រាងកាយ៕