អង្គការណាសា (NASA) និង តារាវិទូ តាមដានអាចម៍ផ្កាយដែលមានទទឹង ១ គីឡូម៉ែត្រនឹងឆ្លងកាត់ផែនដីនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ហើយវានឹងក្លាយជាអាចម៍ផ្កាយដែលនៅជិតបំផុតនៃគោចរជុំវិញផែនដីក្នុងរយៈពេល ២០០ ឆ្នាំខាងមុខទៀត។

កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន CNN បានរាយការណ៍ថាមជ្ឈមណ្ឌលសិក្សាវត្ថុជិតផែនដី ​នៃរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសអាមេរិក (NASA) បានបង្ហាញនិងព្រមានដល់ពិភពលោកថា នឹងមានអាចម៍ផ្កាយមួយ ត្រូវបានគេដាក់សម្គាល់ឈ្មោះថា ៧៤៨២ ឬ ១៩៩៤PC១ វាមានទទឹង ១ គីឡូម៉ែត្រ ហើយនឹងឆ្លងកាត់ផែនដីនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤:៥១ នាទីល្ងាច ក្នុងល្បឿន ៤៧,៣៤៤ ម៉ាយក្នុងមួយម៉ោង និងមានចម្ងាយ ១.២ លានម៉ាយពីផែនដីមិនប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងនោះរបាយការណ៍របស់ (NASA)  បានបញ្ជាក់ថា ជាមួយនឹងកាលបរិច្ឆេទ នេះ គ្មាននរណាម្នាក់រំពឹងថាអាចម៍ផ្កាយ ៧៤៨២ មួយនេះនឹងមកបុកផែនដីនោះទេ ប៉ុន្តែវានឹងត្រូវបានចាត់ទុកថាជាអាចម៍ផ្កាយដែលខិតជិតបំផុត និងមកផែនដីក្នុងរយៈពេល ២០០ ឆ្នាំខាងមុខទៀត។

ទន្ទឹមនឹងនេះ អាចម៍ផ្កាយ ៧៤៨២ មិនមែនជាអាចម៍ផ្កាយដ៏ធំបំផុតដែលឆ្លងកាត់ផែនដីដំបូងនោះទេ  បន្តែមានអាចម៍ផ្កាយមួយទៀតឈ្មោះថា ៣១២២ Florence (១៩៨១ET3) បានធ្លាប់ឆ្លងកាត់ផែនដីកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ វាមានទទឹងប្រហែល ២.៥ ទៅ ៥.៥ ម៉ាយ ហើយវានឹងគោចរមកផែនដីនេះម្តងទៀតនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២៦០០ខាងមុខ៕ ប្រភព៖ Thairath