រដ្ឋធានីព្យុងយ៉ាង៖ ថ្វីបើប្រជាពលរដ្ឋប្រឈមនឹងជីវភាពខ្វះខាត ហើយសេដ្ឋកិច្ចជាតិមានវិបត្ដិ និងរងទណ្ឌកម្មពីអន្ដរជាតិយ៉ាងណាក្ដី តែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កាលពីព្រឹក ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នៅតែបន្ដសាកល្បងបាញ់មីស៊ីលបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង «យ៉ុនហាប់ (Yonhap)» បានចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ថា កូរ៉េខាងជើង នៅព្រឹក ថ្ងៃសុក្រ ទី១៤ នេះ បានបន្ដបាញ់សាកល្បងមីស៊ីលជាថ្មីបន្ថែមទៀត។ ប៉ុន្ដែទោះជាយ៉ាងណា មន្រ្ដីជំនាញខាងមីស៊ីល នៅតែមិនទាន់អាចកំណត់បាន អំពីប្រភេទមីស៊ីលនោះឡើយ។ នៅក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ចំនួន៣លើក ហើយក្នុងនោះកាលពី២លើកមុន ជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង។

មន្រ្ដីយោធាកូរ៉េខាងត្បូង បានបញ្ជាក់ នៅថ្ងៃសុក្រ ទី១៤ ខែមករា ថា គ្រាប់មីស៊ីលមួយគ្រាប់ទៀត ត្រូវបានបាញ់ចេញ ពីតំបន់ភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ បច្ចុប្បន្ន ក្រុមមន្រ្ដីជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែកំណត់ អំពីប្រភេទមីស៊ីល លើកទី៣។

បើតាមបណ្ដាញទូរទស្សន៍ CNN បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថាសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃពុធ ទី១២ ខែមករា ស្ដីពីការដាក់ទណ្ឌកម្មទៅលើបុគ្គលជនជាតិកូរ៉េខាងជើង និងរុស្ស៊ី ចំនួន៨នាក់ ដែលពាក់ព័ន្ធនឹងការជួយគាំទ្រដល់កម្មវិធីមីស៊ីលបាល្លីស្ទិករបស់ប្រទេសកូរ៉េខាងជើង។ ទណ្ឌកម្មនេះបានកើតឡើង ក្រោយពេលកូរ៉េខាងជើង បន្ដបាញ់សាកល្បងមីស៊ីលថ្មី ចំនួន២គ្រាប់ កាលពីសប្ដាហ៍កន្លងទៅនេះ៕