រដ្ឋធានីណៃពិដោរ៖ កងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបន្ដវាយប្រហារទៅលើភូមិឋានរបស់ប្រជាពលរដ្ឋភូមា ស្ថិតក្នុងទីក្រុង Kathar តំបន់ Sagain នៅស្ថិតនៅតាមទន្លេ Irrawady បណ្ដាលឲ្យផ្ទះសម្បែង រាប់សិបខ្នង រងការបំផ្លិចបំផ្លាញ។

សារព័ត៌មានភូមា Mizzima បានផ្សាយ ដោយដកស្រង់ប្រភពព័ត៌មាន ពីអ្នកស្រុក យកមកចុះផ្សាយ ថា ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នង បានរងការបំផ្លិចបំផ្លាញ ដោយសារការវាយប្រហារតាមអាកាស ពីកងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែមករា ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ពួកយោធា បានដាក់ពង្រាយ សម្រាប់ការវាយប្រហារទៅលើភូមិ Moetar Gyi ទីក្រុង Kathar តំបន់ Sagaing នោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា អ្នកស្រុកបានរត់គេចខ្លួន ចេញពីភូមិឋាន ក្រោយពេលពួកយោធាមីយ៉ាន់ម៉ា បានដាក់ពង្រាយឧទ្ធម្ភាគចក្រជាច្រើនគ្រឿង វាយប្រហារទៅលើតំបន់ទាំងនោះ។ ដោយឡែក ចំនួនអ្នកស្លាប់ និង រងរបួស គឺនៅមិនទាន់មានប្រភពណាមួយ បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយ។

បើតាមកងកម្លាំងការពារប្រជាជន (PDF) ប្រចាំនៅទីក្រុង Kathar បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ថា ឧទ្ធម្ភាគចក្រចំនួន៣គ្រឿងរបស់កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ចំនួន១២គ្រាប់ ទៅលើភូមិ Moe Tar Gyi ចំនួន៣កន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកកុមារក៏បានរងផលប៉ះពាល់ ពីសកម្មភាពយោធានោះផងដែរ តែចំនួនអ្នករងគ្រោះក៏នៅតែមិនទាន់ដឹងនៅឡើយ បើគិតត្រឹម ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ៕