ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ក្រុមគ្រូពេទ្យបានការស្រាវជ្រាវ ដោយរកឃើញថា នៅងភូមិតាអតឃុំពានី ស្រុកកំពង់ត្រឡាចឡាច មានប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់៥នាក់ និងប្រយោលចំនួន៩នាក់ ជាមួយប្ដីប្រពន្ធ២នាក់មានវិជ្ជមានកូវីដ១៩ ប្រភេទអូមេក្រុង ធ្វើការក្នុងទីក្រុងភ្នំពេញ និងដែលបានមកលេងផ្ទះម្តាយក្នុងស្រុកកំពង់ត្រឡាច ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដោយបុរសប្តីនិងប្រពន្ធ២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យខេត្តកណ្ដាលធ្វើតេស្តរហ័ស និងតេស្តម៉ាស៊ីន PHD រកឃើញវិជ្ជមានជំងឺកូវីដ១៩ អូមេក្រុង កាលពីថ្ងៃទី ១១ ខែមករា ។ បុរសប្ដីប្រពន្ធពីរនាក់នេះនៅថ្ងៃទី១១ និង១២ ខែមករា បានលេងផ្ទះម្តាយនៅក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ទើបមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន១៤នាក់នៅក្នុងមូលដ្ឋានខាងលើនេះ។ ចំពោះវិធានការ គឺក្រុមគ្រូពេទ្យយើងបានយកសំណាកអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន៥នាក់ នៅផ្ទះស្ត្រីជាម្តាយអ្នកមានវិជ្ជមានកូវីដ១៩ អូមេក្រុង ឈ្មោះ ជា អេង អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិតាអត ឃុំពានី រួមនិងអ្នកប៉ះពាល់ដោយប្រយោល៩នាក់ទៀត ប៉ុន្តែជាលទ្ធផល គឺអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងនេះក្តីក្រុមគ្រូពេទ្យ អាជ្ញាធរ និងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានដាក់អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលទាំង១៤នាក់ ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅផ្ទះសាម៉ីខ្លួនដោយផ្ទាល់ តាមវិធានការរបស់ក្រសួងសុខាភិបាល៕