រដ្ឋធានីណៃពិដោរ៖ កងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែក កម្ទេចមន្ទីរពេទ្យមួយកន្លែង កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុងទីក្រុង Papun រដ្ឋការ៉ែន នាភាគអាគ្នេយ៍ ប្រទេសភូមា។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា មន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុង Papun រដ្ឋការ៉ែន (Karen) ដែលរៀបចំ និងគ្រប់គ្រងដោយសហភាពជាតិការ៉ែន (ហៅកាត់ KNU) ត្រូវបានយន្ដហោះចម្បាំង ចំនួ២គ្រឿងរបស់របបសឹកមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកកម្ទេច កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមករា។

មន្ទីរពេទ្យ ដែលរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកនោះ ត្រូវបានគេស្គាល់ ឈ្មោះតាមភាសាការ៉ែន «ជាមន្ទីរពេទ្យ Mutraw» ។ មន្ទីរពេទ្យនោះ បានប្រតិបត្ដិការ ដោយកងពលតូចលេខ៥របស់កងទ័ពរំដោះជាតិការ៉ែន (ហៅកាត់ KNLA) ជាក្រុមប្រដាប់អាវុធរបស់ KNU ហើយតំបន់នោះ ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចប្រដាប់អាវុធ នេះដែរ។

លោក Padoh Mahn Mahn អ្នកនាំពាក្យ សហភាពជាតិការ៉ែន ប្រចាំនៅទីក្រុង Papun បានបញ្ជាក់ថា ការទម្លាក់គ្រាប់បែក ពីលើអាកាសរបស់កងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា បានកម្ទេចសំណង់អគារ នៃមន្ទីរពេទ្យ នៅក្នុងសហគមន៍ Wakadae ។ ប៉ុន្ដែការវាយប្រហារនោះ មិនបានបង្កឲ្យមានអ្នកស្លាប់ ឬរងរបួស និងខូចខាតអ្វីនោះឡើយ ព្រោះទាំងអ្នកជំងឺ និង សម្ភារវេជ្ជសាស្រ្ដទាំងអស់ ត្រូវបានបញ្ជូន ចេញពីមន្ទីរពេទ្យ កាលពីសប្ដាហ៍មុន៕