រដ្ឋធានីណៃពិដោរ៖ ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកងសន្ដិសុខ នៃរបបសឹកមីយ៉ាន់ម៉ា បានបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើប្រជាពលរដ្ឋស្លូតត្រង់ បណ្ដាលឲ្យមានអ្នកស្លាប់ ជាង ១ ៤០០នាក់ និង ចាប់ខ្លួនជាង ១០ ០០០នាក់ ទើបជំរុញឲ្យរលកចលនាតស៊ូ នៅពាសពេញប្រទេស តស៊ូដោយប្រដាប់អាវុធ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ហើយពួកគេសង្ឃឹមថា បដិវត្ដន៍របស់ពួកគេ នឹងទទួលបានជោគជ័យ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា លោក ថៃហ្សារ សាន់ (Tayzar) ជាវេជ្ជបណ្ឌិតវ័យ៣៣ឆ្នាំ និង ជាបណ្ណារក្ស ក៏ជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលរបបសឹកមីយ៉ាន់ម៉ា តាមចាប់ខ្លួន អស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ប៉ុន្ដែបច្ចុប្បន្ន ថ្វីបើគាត់កំពុងតែលាក់ខ្លួនក៏ពិតមែន ក៏គាត់នៅតែបន្ដសកម្មភាពរបស់គាត់ ដើម្បីលុបបំបាត់របបគ្រប់គ្រងផ្ដាច់ការយោធា ចេញពីមាតុភូមិរបស់ខ្លួនដែរ។

របបយោធាមីយ៉ាន់ម៉ា បានចេញដីកាតាមចាប់ខ្លួន ប្រឆាំងនឹងលោក ថៃហ្សារ សាន់ (Tayzar) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់» និងផ្ដល់រង្វាន់ចំនួន១០លានខ្យាត (លុយភូមា) ឬស្មើនឹង ៥ ៦៥១ដុល្លារសហរដ្ឋអាមេរិក សម្រាប់អ្នកផ្ដល់ព័ត៌មាន រហូតឈានដល់ការចាប់ខ្លួនគាត់។ ការសងសឹកដែលគាត់បានរំពឹងទុក ចាប់តាំងពីពេលគាត់បានសម្រេចចិត្តចូលរួម នៅក្នុងចលនាតស៊ូប្រឆាំងនឹងអំពើរដ្ឋប្រហារ។

ក្រោយពេលពួកយោធារឹបអូសអំណាច បានតែរយៈពេល៣ថ្ងៃ លោកវេជ្ជបណ្ឌិតវ័យក្មេង Tayzar San បានដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងពួកយោធាជាលើកដំបូង នៅក្នុងទីក្រុង Mandalay ជាទីក្រុងធំទី២របស់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រជាពលរដ្ឋនៅទូទាំងប្រទេសស្ទាក់ស្ទើរ ចេញមកតវ៉ា។ ប៉ុន្ដែក្រោយមក ការប្រឆាំងនឹងអំពើរដ្ឋប្រហារ ក៏ក្លាយជាចលនាតស៊ូ បដិវត្ដន៍ប្រឆាំងនឹងរបបយោធា ដែលជំរុញឱ្យមេដឹកនាំរដ្ឋប្រហារទទួលស្គាល់ថា ពួកគេមិនបានរំពឹងថា ចលនាតស៊ូបែបនេះ នឹងផ្ដួលរំលំពួកគេ។

បច្ចុប្បន្ន លោក Tayzar San បន្ដចូលរួមប្រឆាំង និងលើកទឹកចិត្ដដល់ពលរដ្ឋមីយ៉ាន់ម៉ា ត្រូវតែបន្ដប្រយុទ្ធនឹងរបបសឹក។ វេជ្ជបណ្ឌិតវ័យក្មេងរូបនេះ ក៏បានចូលរួមនៅក្នុងក្រុមប្រឹក្សាឯកភាពជាតិ (NUCC) ដែលជាសម្ព័ន្ធភាពប្រឆាំងនឹងរបបសឹក សម្រាប់ការណែនាំគោលនយោបារបស់រដ្ឋាភិបាលឯកភាពជាតិរួបរួមជាតិ (NUG) ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់មូលដ្ឋានគ្រឹះ បង្កើតសហភាពប្រជាធិបតេយ្យសហព័ន្ធន៍ នៅមីយ៉ាន់ម៉ា។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថ្វីបើពួកយោធាបង្កើនការវាយប្រហារតាមអាកាសយ៉ាងណាក្ដី ក៏នៅតែមិនទាន់អាចបង្ក្រាបទោលើចលនាតស៊ូនានា នៅក្នុងប្រទេសនេះ បានដែរ ព្រោះប្រជាពលរដ្ឋ ភាគច្រើនមិនគាំទ្ររបបសឹក។ ករណីនេះ ទើបធ្វើឲ្យចលនាតស៊ូនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរួមដៃគ្នាផ្ដួលរំលំរបបសឹកនោះ មានសង្ឃឹមថា បដិវត្ដន៍របស់ពួកគេ នឹងទទួលបានជោគជ័យ៕