ប្រទេសហ្វីលីពីន៖ វិចិត្រករភាគច្រើនអាចគូរស្នាដៃរបស់ពួកគេនៅលើផ្ទាំងក្រណាត់ ឬក្រដាស  ប៉ុន្តែសម្រាប់ Brenda អាយុ៣០ ឆ្នាំមកពីទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន  នាងបានយកសត្វកន្លាតតូចៗ ដែលមនុស្សគ្រប់គ្នាមិនចូលចិត្ត  មកធ្វើជាសិល្បៈមួយដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកនិយមលេងបណ្ដាញសង្គម។

កាលពីកន្លងទៅថ្មីៗនេះ នារីជនជាតិហ្វីលីពីនម្នាក់ឈ្មោះថា Brenda នាងបានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីរូបនាងបានបង្ហាញពីស្នាដៃរូបគំនូរយ៉ាងស្រស់ស្អាត ដែលបានគូរចេញពីសាកសពសត្វកន្លាតតូចៗ ដែលបានងាប់នៅជុំវិញផ្ទះ ហើយបានយកមកគូរគំនូរផ្សេងៗនៅលើខ្លួនរបស់វា បានយ៉ាងស្រស់ស្អាត និងអស្ចារ្យ ដែលស្ទើរតែមិនគួរឱ្យជឿជាមួយនឹងស្នាដៃសិល្បៈមួយនេះ ព្រោះជាទូទៅស្ទើតែគ្មានអ្នកណាម្នាក់មានគំនិត និង នឹកឃើញធ្វើវានោះទេ ប៉ុន្តៃសម្រាប់ Brenda នាងជានារីដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយអាចធ្វើវាបានយ៉ាងល្អរហូតទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ក្នុងនោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង នាងបានសរសេរថា: “សម្រាប់អ្នកសិល្បៈទាំងអស់ សូមកុំខ្លាចក្នុងការសាកល្បងនូវអ្វីដែលថ្មី ធ្វើអ្វីដែលអ្នកគិតថាមិនអាចទៅរួច”។

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាពេញចិត្តនឹងសិល្បៈរបស់នាងទេ អ្នកខ្លះសរសើរពីភាពប៉ិនប្រសប់ច្នៃប្រឌិតរបស់ Brenda ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថានាងធ្វើបាបសត្វដោយប្រើសាកសពសត្វកន្លាតទាំងនេះ ទោះបីជាមានអ្នករិះគន់ចំពោះការងាររបស់នាងក៏ដោយ ប៉ុន្តែ Brenda នៅតែតាំងចិត្តធ្វើជាអ្នកសិល្បៈតាមអ៊ីនធឺណិតដដែល៕ Khaosod