រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១ មានទីតាំងនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរកឃើញសិស្សម្នាក់វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ។ ចំណែក គ្រូបង្រៀនម្នាក់ និងសិស្ស៧នាក់ទៀត មិនមែនជាប្រភេទអូមីក្រុង នោះទេ។
លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា កាលពីចុងសប្ដាហ៍ថ្ងៃទី៩ ខែមករា កន្លងទៅ សិស្សថ្នាក់ទី៨ ម្នាក់នោះមានអាការផ្ដាសាយ គួរឱ្យសង្ស័យ ហើយគ្រួសារបានយកទៅធ្វើតេស្ត ក៏រកឃើញមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង។ អាណាព្យាបាលសិស្ស ក៏បានជូនដំណឹងមកសាលា ហើយសាលាបានធ្វើតេស្តវីរុសកូវីដ-១៩ ដល់គ្រូ និងសិស្សដែលបានមកបង្រៀន និងរៀនទាំងអស់ចំនួន ១៩៧ នាក់ ក្នុងនោះមានស្តី ៩៥នាក់ ដោយសិស្សមានចំនួន ១៨៥ នាក់ ស្រីមានចំនួន ៩១ នាក់។ ជាលទ្ធផល បានរកឃើញ លោកគ្រូម្នាក់ និង សិស្ស៧នាក់ ក្នុងនោះមានស្រី២នាក់ វិជ្ជមានកូវីដ-១៩ បន្ថែមទៀត ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុងទេ។
លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា បច្ចុប្បន្ន សិស្សដែលមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង កំពុងសម្រាកព្យាបាលនៅ ស្ដាតអូឡាំពិក ដោយមានស្ថានភាពសុខភាពធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរ ឬគួរឱ្យកត់សម្គាល់ទេ។ បន្ទាប់ពីរកឃើញគ្រូ និងសិស្សមានវិជ្ជមានកូវីដ-១៩ សាលាបានសម្រេចឱ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតដល់ជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្ដូរមករៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញរយៈពេល ២សប្ដាហ៍៕https://blogger.googleusercontent.com/img/a/AVvXsEh5Iskt1hgZNcKEOI6561Umw0G3ISW637hRlPvB0cB4HLTuyULpoFb2MdtbZLh7Rih34XK1pER7zXjb6Ye8G1WS7gLzD2qwJV17NnoqLIQET-GKuHXxsRkvjn9yzWXhCzEKxqsWwHgdPN3GsrO09xYf1PQ1C2-2uErhldkCM8uSQ71EO3IHdGEYT1DP=s1280