លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា ភាពយន្តខ្មែរ-កាណាដា Surviving Bokator ដែលទើបតែបានបញ្ចប់ការចាក់បញ្ចាំង កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះនៅមហោស្រពភាពយន្ត នៅប្រទេសថៃ កាលពីឆ្នាំ២០២១ បានឈ្នះពានរង្វាន់ជាឯកសារភាពយន្តកីឡាល្អបំផុតពីកម្មវិធី BKK DOC (Bangkok) International Documentary Awards។

Surviving Bokator ដែលមានអត្ថន័យជាភាសាខ្មែរថា ការរស់ឡើងវិញ នៃគុនល្បុក្កតោ គឺជាសាច់រឿងដែលបង្ហាញពីការរស់ឡើងវិញនូវក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ។ ភាពយន្តនេះ មានការចូលរួមពីសំណាក់លោកគ្រូព្រឹទ្ធាចារ្យគុន ល្បុក្កតោ សាន គឹមស៊ាន, អ្នកប្រដាល់ក្បាច់គុនចម្រុះរបស់កម្ពុជា និងជាតារាភាពយន្ត ថា រ័ត្ន “កង្កែប តូច” និង លោក គ្រូ អ៊ឹង ដារិទ្ធ ដែលជាគ្រូបង្វឹករបស់ក្រុមល្បុក្កតោ ជម្រើសជាតិកម្ពុជា។ សម្រាប់ការថតក្នុងរយៈពេលជាង៥ឆ្នាំ ក៏មានការបង្ហាញមួយដែលពេលនោះ ល្បុក្កតោបានទទួលនូវមេដាយប្រាក់ជាប្រវត្តិសាស្ត្រលើកដំបូងរបស់គុនល្បុក្កតោ ក្នុងការប្រកួតអន្តរជាតិ នៅឯការប្រកួតក្បាច់គុនពិភពលោក ដែលឧបត្ថម្ភដោយអង្គការយូណេស្កូ ក្នុងប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីមានដំណើរផ្សព្វផ្សាយដ៏ទូលំទូលាយ នៅក្រៅប្រទេស Surviving Bokator គ្រោងនឹងត្រលប់មកព្រះរាជាណាចក្រវិញ នៅក្នុងឆ្នាំ២០២២នេះ សម្រាប់ការចាក់បញ្ចាំងផ្សាយនៅតាមរោងកុនទូទាំងប្រទេស។ ចំណែកកាលវិភាគថ្មីនេះ នៃការដាក់បញ្ចាំងនៅកម្ពុជា គឺស្របពេលដែល គុនល្បុក្កតោ នឹងត្រូវបានដាក់ស្នើបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដល់អង្គការយូណេស្កូ នៅឆ្នាំ២០២២។ ការប្រារព្ធពិធីទូទាំងប្រទេសនឹងត្រូវរៀបចំ សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ៕

ប្រភព: ក្រសួងព័ត៌មាន