រដ្ឋធានីព្យុងយ៉ាង៖ រហូតមកដល់ពេលនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដល់ជនជាតិកូរ៉េខាងជើងជាច្រើនរូប ដែលពឹងពាក់លើរុស្ស៊ី និង ចិន ក្រោយពេលមានការបាញ់មីស៊ីលបាល្លីស្ទិក (Ballistic) ចំនួន៦លើក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែមករា បានដាក់ទណ្ឌកម្មទៅលើជនជាតិកូរ៉េខាងជើង ចំនួនប្រាំនាក់ តាមអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកពីតួនាទីរបស់ពួកគេ ក្នុងការទិញសម្ភារ សម្រាប់ការផលិតអាវុធមហាប្រល័យលោករបស់កូរ៉េខាងជើង និងកម្មវិធីទាក់ទងនឹងមីស៊ីលផ្លោងបាល្លីស្ទិក។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឡើង ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាល្លីស្ទិក (Ballistic) ជាបន្តបន្ទាប់ចំនួន៦គ្រាប់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។ សកម្មភាពរបស់កូរ៉េខាងជើង កំពុងតែ «រំលោភបំពានទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCR)» យ៉ាងខ្លាំង។

លោក Brian E Nelson អនុរដ្ឋមន្រ្ដីក្រសួងរតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកភេរវកម្ម និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «សកម្មភាពថ្ងៃនេះ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងកម្មវិធីអាវុធមហាប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិក នឹងកំណត់គោលដៅបន្ត ចំពោះការប្រើប្រាស់អ្នកដែលជាតំណាងនៅក្រៅប្រទេស ដើម្បីទិញទំនិញខុសច្បាប់ សម្រាប់ផលិតអាវុធមហាប្រល័យលោក។ រីឯការបាញ់កាំជ្រួចចុងក្រោយរបស់កូរ៉េខាងជើង ជាភស្តុតាងមួយបន្ថែមទៀតថា កូរ៉េខាងជើងនៅតែបន្តជំរុញកម្មវិធីហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ មានការអំពាវនាវឱ្យមានការចរចាការទូត និងការរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ»៕