បរទេស៖ រហូតមកដល់ពេលនេះ ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោក កាន់តែធ្ងន់ធ្ងរជាងមុនទ្វេដង ដោយក្នុងរយៈពេលត្រឹមតែ២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងថ្មី កើនឡើង រហូតដល់ជាង៣,១២លាននាក់។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ១២៦ ៣៣២នាក់ និង មានករណីស្លាប់ថ្មី ៧ ៨៥៥នាក់។ បើគិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣១៧,២៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង ៥,៥២លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៦២,៧៦លាននាក់។ ចំណែក អ្នកជំងឺជាង៤៨,៩៩លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៦ ៣២០នាក់។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បារាំង អ៊ីតាលី អេស្ប៉ាញ ឥណ្ឌា និង បណ្ដាប្រទេសជាច្រើនទៀត នៅតែមានករណីឆ្លងថ្មី កាន់តែច្រើនឡើង ជាពិសេស នៅក្នុងតំបន់អឺរ៉ុប។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ក៏ក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៦ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ត្រឹមតែ២២១នាក់ តែមិនមានករណីស្លាប់ថ្មីនោះឡើយ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ១០៤ ១៨៩នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយជាង ៩៦ ០៧៧នាក់។ ដោយឡែក អ្នកជំងឺ ៣ ៤៧៦នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់១៤នាក់៕
សូមអានតារាង នៃប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖