រាជធានីភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក គុណ ញឹមបញ្ជាក់ថា “ចាប់តាំងពីថ្ងៃចាប់ផ្តើមអនុវត្តយុទ្ធនាការប្រមូលពន្ធ និងអាករនាខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានការបង់ពន្ធ រថយន្តចង្កូតឆ្វេង ចំនួន ២៤០៤គ្រឿង ដោយប្រមូលបានចំណូលថវិកាជាតិ ចំនួនប្រមាណ ២៩.៥៣ លានដុល្លារ និងទទួលប្រាក់កក់លើរថយន្តចង្កូតស្តាំ ចំនួន៣,០៣៧គ្រឿង ដោយទទួលប្រាក់កក់ចំនួន ប្រមាណ២០.០៣លានដុល្លារ។ សរុបទាំងរថយន្តចង្កូតឆ្វេង និងរថយន្តស្ដាំបានចំនួន៥,៤៤១គ្រឿង ជាមួយនឹងទឹកប្រាក់៤៩.៥៦លានដុល្លារ”។
https://blogger.googleusercontent.com/img/a/AVvXsEgLOIbVIVvisCS0HfwSh2VjHUEmdaea555ACFxKbbrSzjL5yZM81F55zojPr0pEXOztJVPA4L9MAnbA6_mUvHaRsDORDgNkG6Y0rN6pKOZo2gfsBwlnHhXHvPl7DqPPz6YvTfRpDA-e8kRdj_oecUiFcZ_J42B1aWx3_wwlfWI_roKrECywgiYPEXHKhQ=s1280

លោក បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានដំបូងដែលថា មានរថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ប្រមាណជិត១០,០០០គ្រឿង។ ដូច្នេះលទ្ធផលត្រឹមដំណាច់ ខែធ្នូ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចវាយតម្លៃថា សម្រេចបានជាង៥០%ហើយ។

បន្ថែមពីនោះទៀត លោក គុណ ញឹម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាប់ផ្តើមឡើងវិញ នូវការបង្ក្រាបរថយន្តគ្មានពន្ធ តាមដងផ្លូវសាធារណៈ ជាបណ្តើរៗ។ ក្នុងករណីបង្ក្រាបបាន ម្ចាស់រថយន្តត្រូវបង់ពន្ធអាករ និងប្រាក់ពិន័យផង។ នេះជាវិធានការបន្ថែម ដើម្បីជំរុញឲ្យម្ចាស់រថយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយស្ម័គ្រចិត្ត៕
https://blogger.googleusercontent.com/img/a/AVvXsEjyUZHdC1EGgtQ__EE6LtkkmQ2A3VnPN2pyGxh9iGb4sqg7KkF5H76aalhwX2Xg5gFrSm_XY0X64eQroeuv35jn1Hdztn4wHns6yEjFPtll7UlR-sKnVR5yklAs8mP_1ljTolF6nLP3F6M2TMvCJL8nUUQXVmYYCoLYHXN-oE6aa_txDJZdL6I0aHB1Vw=s1280