ខេត្តក្រចេះ៖ កុមារាបងប្អូនភ្លោះកើតចេញពីផ្ទៃម្តាយមកគឺក្នុងថ្ងៃតែមួយ លុះចម្រើនវ័យបានអាយុទើប៣ឆ្នាំ បានលង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្ងៃតែមួយ ខណៈឪពុកម្តាយរវល់លក់ដូររៀងៗ។ ហេតុការណ៍ដ៏គួរឱ្យសោកសង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កុមារារងគ្រោះ មានឈ្មោះម៉ី សោទី និងឈ្មោះ ម៉ី សោទ្រី អាយុ៣ឆ្នាំ មានម្តាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី។
លោក ហ៊ាន ពេជ្រ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកម្ដាយរបស់កុមារារងគ្រោះទាំងពីររវល់លក់បន្លែ ដោយឪពុកដឹកបន្លែទៅលក់ ហើយម្តាយលក់នៅផ្ទះ។ ដោយសាររវល់លក់បន្លែ ម្តាយភ្លេចមើលកូន ហើយកូនទាំងពីរនាំគ្នាទៅលេងទឹកទន្លេនៅខាងក្រោយផ្ទះចម្ងាយប្រមាណ១០០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់តែម្តង។
លោក ហ៊ាន ពេជ្រ បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពកុមារារងគ្រោះ រួចបញ្ជាក់ថា កុមាររងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយការលង់ទឹក មិនមែនជាករណីឃាតកម្មនោះឡើយ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់ជូនឪពុកម្តាយចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕