ខេត្តកំពង់ឆ្នាំង៖ អ្នកកាសែត ចំនួន៣នាក់ និងបក្ខពួក២នាក់ទៀត ត្រូវតុលាការខេត្តកំពង់ឆ្នាំង បានសម្រេឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ។
ជនជាប់ចោទទាំង៥នាក់ រួមមាន៖ ទី១-ឈ្មោះ សាំ ងចាន់ ថន ហៅសាំង សុង អាយុ៤៦ឆ្នាំ បម្រើការនៅអង្គភាពសារព័ត៌មាន MC TV រស់នៅក្នុងពីក្រុងភ្នំពេញ។ ទី២-ឈ្មោះអុក ប៉ារ៉ាឌី អាយុ៣៤ឆ្នាំ បម្រើការនៅអង្គភាពសារព័ត៌មានគ្រៀល HOT NEWS រស់នៅក្នុងទីក្រុងភ្នំពេញ ។ ទី៣-ឈ្មោះ កែវ ហួរ អាយុ៥៤ឆ្នាំ បម្រើការនៅអង្គភាពសារព័ត៌មាន SBT POST រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៤-ឈ្មោះ គង់ តារា និង ទី៥-ឈ្មោះប្រាក់ សង្ហា ។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនជាប់ចោទទាំង៥នាក់ ទៅកាន់តុលាការ កាលពីថ្ងៃទី០៨ខែមករា ។ លុះដល់ថ្ងៃទី០៩ ខែមក រានេះ ទើបតុលាការសម្រេចឃុំខ្លួនពួកគេក្នុងពន្ធនាគារជាបណ្ដោះ អាសន្នតែម្ដង ។
សមត្ថកិច្ច បញ្ជាក់ថា ចំពោះសម្ភារៈរបស់ជនជាប់ចោទ ដែលត្រូវបានដកហូតពេលឃាត់ខ្លួនរួមមាន រថយន្ដឡិចស៊ីស៥៧០មួយគ្រឿង, អាវុធខ្លីម៉ាកប៉ារ៉ា ផលិតនៅប្រទេសកូរ៉េ១ដើម ,ទូរស័ព្ទ៨គ្រឿង និងកុំព្យូទ័រឡេបថប១គ្រឿងផងដែរ៕