រាជធានីភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប ត្រូវបានបញ្ចប់ទាំងស្រុង។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុក ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់១៦ មករា ២០២២។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បញ្ជាក់ថា សម្រាប់លទ្ធផល នៃការប្រឡងបាក់ឌុប គ្រោងប្រកាស នៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀតនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនង សង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មានបេក្ខជនប្រឡងចំនួន១១៤ ១៨៣នាក់ (ស្រី៦០៣៩៧នាក់) មាន ២០៤មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានពេលព្រឹកចំនួន ៤ ១៩៨នាក់ (ស្រី ១ ៧៩២នាក់) ត្រូវជាភាគរយ ៣,៦៨ %៕
https://blogger.googleusercontent.com/img/a/AVvXsEiFflx6X2MCPDheX5XEfufe4BV9EFiY4EAdoMPgCFKWxYhM-Wkz6VL9XcrdoQuPCQoCD2NIVj6_pIRSbvD6zNk47r0at_oJgfDsoDgiISC_m3R375hTf_QbNLwA7jt6VxFHMmL-JTsEi1dhX7kgdXcK_AUinGQKLk-NUDOKds09Pdr6kVMiEvJGfeI6zA=s1280