រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២ រដ្ឋបាលជល បានជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ ២០២១- ២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចបន្តនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ចាប់ពីថ្ងៃ ៧កើត រហូតដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

រដ្ឋបាលជលផល បានបន្ថែមថា យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមអញ្ជើញប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អកឬត្រី ឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំនោះសូមមេត្តាអញ្ជើញ ទៅទិញត្រីឲ្យបានរួសរាន់តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ។

ជាមួយនេះរដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលិតផលផលនេសាទ បានដោយរលូនតាមការគួរ។ ទន្ទឹមនឹងនេះរដ្ឋបាលជលផល ក៏សំណូមពរដល់ប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល អំពីវិធានការការពារមេរោគកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន ផងដែរ ៕