បរទេស៖ អ្នកបុរាណវិទ្យាបានស្រាវជ្រាវរកឃើញដានជើងដ៏ធំមួយ ដែលមានអាយុ ២០០ លានឆ្នាំ ដ៏កម្រមួយ និងគេសង្ស័យថាជាហ្វូស៊ីលដានជើងសត្វដាយណូស័រ។

កាលពីពេលថ្មីៗកន្លងទៅនេះអ្នកបុរាណវិទ្យាស្ម័គ្រចិត្តម្នាក់បានរកឃើញនូវហ្វូស៊ីលដានជើងសត្វលើផ្លូវជាដានជើងបន្តគ្នាប្រហែល ៥០ ម៉ែត្រ ដោយស្នាមជើងនីមួយៗមានប្រវែងប្រហែល ៤៨ សង់ទីម៉ែត្រ នៅជិតច្រាំងទន្លេនៅលើឆ្នេរសមុទ្រ Penarth ក្នុងក្រុង Wales  ក្រោយមកគាត់បានរាយការណ៍ទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនាទីក្រុងឡុងដ៍ក្នុងប្រទេសអង់គ្លេសដើម្បីឱ្យជួយសិក្សាដានជើងទាំងនេះ។ ក្នុងនោះក្រុមអ្នកបុរាណវិទ្យាមកពីសារមន្ទីប្រវត្តិសាស្រ្តធម្មជាតិនៃទីក្រុងឡុងដ៍ ក៏បានឱ្យដឹងថា ហ្វូស៊ីលនេះអាចជាដានជើងរបស់សត្វដាយណូស័រ ហើយវាក៏ជាដានជើងដ៏កម្រជួបប្រទះមានអាយុ ២០០ លានឆ្នាំមុន ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថាតើដាយណូស័រប្រភេទណានោះទេ។ ប៉ុន្តែអ្នកបុរាណវិទ្យាជឿថា វាអាចជាពូជអម្បូររបស់ក្រុមដាយណូស័រ Sauropod  ដែលជាប្រភេទសត្វដាយណូស័រស៊ីស្មៅជាអាហារ និងមានកវែង ហើយពួកវាទំនងជារស់នៅតំបន់នេះក្នុងអំឡុងចុងសម័យ Triassic ប្រហែល ២៣៧ ទៅ ២០១ លានឆ្នាំមុន។

យ៉ាងណាមិញអ្នកបុរាណវិទូរំពឹងថាការរកឃើញនៃហ្វូស៊ីលដានជើងដាយណូស័រនេះ វានឹងក្លាយជាការបន្ថែមដ៏មានប្រយោជន៍ដល់ការសិក្សាអំពីសារពាង្គកាយក្នុងសម័យ Triassic  នៅក្នុងចក្រភពអង់គ្លេស ដោយសារតែកន្លងមកមានព័ត៌មានតិចតួចណាស់ទាក់ទងនឹងដាយណូស័រក្នុងសម័យមួយនោះ៕ ប្រភព៖ Thairath