រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច បុរសជាសន្តិសុខយាមនៅអង្គការ«ឆេក» ខណៈកំពុងអង្គុយសុខៗដួលសន្លប់ស្តូកស្តឹង ហើយក្អួតឈាមចេញមកខាងក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅទីស្នាក់ការអង្គការ«ឆេក» ផ្ទះលេខ៦S តាមបណ្ដោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលដួលសន្លប់ក្អួតឈាម មានឈ្មោះជា ស៊ុនហេង ភេទប្រុស អាយុជាង៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងផ្ទះអង្គការឆេកផ្ទះលេខ៦S តាមបណ្ដោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលដួលសន្លប់មានក្អួតឈាមនេះ ជាបុគ្គលិកបម្រើការនៅក្នុងអង្គការ«ឆេក»នេះតាំងពីឆ្នាំ២០១៦ ផ្នែកសន្តិសុខមើលការខុសត្រូវនៅខាងក្រៅហើយស្នាក់នៅខាងក្នុងផ្ទះរបស់អង្គការ«ឆេក» ។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែបុរសខាងលើអង្គុយសុខៗក៏ដួលលដាច់ផ្ងារកួតឈាមចេញមកខាងក្រៅបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនិងបានរាយការណ៍ខលទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកកាន់ទីកន្លែងកើតហេតុដើម្បីដឹកយកទៅសង្គ្រោះនៅជីវិតរបស់គាត់។ ក្រោយកើតហេតុ មានរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
តាមការសន្និដ្ឋានបឋមរបស់អ្នកដែលរស់នៅទីនោះស្គាល់ជាមួយជនរងគ្រោះ បាននិយាយថា បុរសរងគ្រោះអាចនឹងធ្លាយក្រពះ ព្រោះជនរងគ្រោះធ្លាប់បានត្អូញត្អែរថា ខ្លួនមានជំងឺក្រពះ តែយ៉ាងណា រង់ចាំគ្រូពេទ្យពិនិត្យសិន ទើបដឹងថា ជនរងគ្រោះមានជំងឺអ្វីឲ្យពិតប្រាកដ៕