ភ្នំពេញ៖ កញ្ញា លី លីនដា ដែលកាលពីនៅវគ្គ Beat The Judge សប្ដាហ៍ទី៣ នៃកម្មវិធី Beat The Best Cambodia នាងបានក្លាយជាបេក្ខជនឆ្នើម និងបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការបកស្រេាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា «Halo» ជាសំនៀងដើមរបស់តារាចម្រៀងស្រីជនជាតិអាមេរិកនាង Beyoncé ។

ជាមួយគ្នានេះដែរ សម្រាប់វគ្គ Beat The Team សប្ដាហ៍ទី១ នេះ កញ្ញា លី លីនដា បានបង្ហាញខ្លួនដោយចាប់ក្រុមច្រៀងជាមួយបេក្ខនារី សេង វល័ក្ខ ដោយច្រៀងបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា «I’M IN LOVE WITH THE MONSTER» មកបកស្រាយ ប្រជែងជាមួយក្រុមរបស់បេក្ខជន វ៉ាត់​ វ៉ាន់ និងបេក្ខនារី ឃន ពិដោ ។

តាមរយៈបទចម្រៀងមួយបទនេះផងដែរ កញ្ញា លី លីនដា និងកញ្ញា សេង វល័ក្ខ ក៏ដូចជាក្រុមម្ខាងទៀត បានព្យាយាមធ្វើយ៉ាងល្អ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ទាំងពីរក្រុមគឺមិនទទួលបានជោគជ័យឡើយនៅក្នុងវគ្គនេះ ពោកគឺត្រូវជម្រុះចេញកម្មវិធី ។ យ៉ាងណាមិញ សម្រាប់ក្រុមរបស់កញ្ញា លី លីនដា និងកញ្ញា សេង វល័ក្ខ ត្រូវបានគេមើលឃើញថា ទទួលបានការរិះគន់ច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ហើយអ្នកខ្លះថែមទាំងពោលពាក្យមិនសមរម្យថែមទៀតផង ។

គួរឱ្យដឹងផងដែរថា សម្រាប់កញ្ញា លី លីនដា កាលនៅវគ្គ Beat The Judges បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ទស្សនិកជន ដែលរហូតធ្វើឱ្យគណៈកម្មការទាំង ៤ មិនអាចទប់ពាក្យថា “អាច” ជាប់បានឡើយ ។ បង្ហាញខ្លួនជាមួយរូបរាងស្រស់សោភា សាច់សហ្មត់ខៃ និងសម្លៀកបំពាក់សមសួន កញ្ញា លី លីនដា វ័យ ២៥ ឆ្នាំ បានបកស្រាយបទចម្រៀងជាភាសាបរទេសមានចំណងជើងថា «Halo» ជាសំនៀងដើមរបស់តារាចម្រៀងស្រីជនជាតិអាមេរិកនាង Beyoncé ។

នៅចំពោះមុខគណៈកម្មការទាំង ៤រូប កញ្ញា លី លីនដា បានបកស្រាយបទចម្រៀងមួយបទខាងលើនេះ បានយ៉ាងល្អឥតខ្ចោះ និងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ទស្សនិកជន ។ ហើយកាន់តែពិសេសនោះ បើតាមការលើកឡើងរបស់គណៈកម្មការលោក ឆន សុវណ្ណារាជ គឺថាបទចម្រៀង «Halo» នេះ ទាល់តែអ្នកមានបទពិសោធន៍ខ្លាំងទើបអាចហ៊ានយកបកស្រាយ ប៉ុន្តែសម្រាប់កញ្ញា លី លីនដា គឺធ្វើបានយ៉ាងរលូន និងល្អបំផុត ៕