រដ្ឋធានីដាកា (Dhaka)៖ ស្រឡាងមួយគ្រឿង បានជួបនឹងគ្រោះអគ្គិភ័យ បណ្ដាលឲ្យអ្នកដំណើរ យ៉ាងតិច៣៩នាក់បាត់បង់ជីវិត និង៧០នាក់ផ្សេងទៀត រងរបួស កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃសុក្រ ទី២៤ ខែធ្នូ នៅតំបន់ភាគខាងត្បូង ទីប្រជុំជនជនបទ Jhalokati មានចម្ងាយ២៥០គីឡូម៉ែត្រ នាភាគខាងត្បូង រដ្ឋធានី Dhaka  ប្រទេសបង់ក្លាដែស។​​

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ថា ​ស្រឡាងមួយគ្រឿង ប្រភេទ MV Avijan-10 ​ ដែលផ្ទុះឆេះនោះ មានម៉ាស៊ីចំនួន១៥ ហើយបានដឹកអ្នកដំណើរ ប្រហែល៨០០នាក់។ ពួកគេ ភាគច្រើន ធ្វើដំណើរកម្សាន្ដ និងទៅលើបងប្អូន ហើយ មិត្តភក្ដិ នាពេលចុងសប្ដាហ៍។ ​ស្រ​ឡាង​នោះ​ មានកម្ពស់៣ជាន់ ​ត្រូវបានភ្លើងឆេះ នៅកណ្តាលទន្លេ។ គ្រោះអគ្គិភ័យនេះ បាន​ឆេះរាលដាល ចេញមកពីកន្លែងដាក់ម៉ាស៊ីន។

នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានសម្លាប់មនុស្សយ៉ាងតិច៣៩នាក់​។ ប៉ុន្ដែទោះជាយ៉ាងណា តួលេខ នៃចំនួនអ្នកស្លាប់ អាច​នឹងកើនបន្ថែមទៀត ខ​ណៈមានអ្នករងរបួស ប្រហែល១០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយឡែក អ្នកដំណើរផ្សេងទៀត បានលោតចុះទៅក្នុងទឹក ខ្លះ​ហែលឡើងគោក បានរួចផុតពីគ្រោះថ្នាក់ និងខ្លះលង់ទឹកស្លាប់​។

លោក ​ Moinul Haque មន្រ្ដីប៉ូលិសម្នាក់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះ បានរកឃើញសាកសពរបស់ជនរងគ្រោះ ចំនួន៣៧នាក់ ត្រូវបានស្រង់ចេញពីទឹកទន្លេ និង២នាក់ផ្សេងទៀត ត្រូវបានភ្លើងឆេះ ហើយស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នករងរបួស៧០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយខ្លះត្រូវភ្លើងឆេះរលាករលួយពេញខ្លួន៕​