រាជធានីភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ត្រូវជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខណៈការសម្រេចនេះ ត្រូវបានបោះឆ្នោតជាឯកឆ្ឆ័ន នៅក្នុងការប្រជុំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកនេះ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីបោះឆ្នោតជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់ខ្លួន។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជ្រើសតាំងស្វែងរកការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្តាលបក្សនាព្រឹកថ្ងៃនេះ គឺមានតែលោក ហ៊ុន ម៉ាណែត តែម្នាក់គត់ប៉ុណ្ណោះ។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប បានបោះឆ្នោតជាឯកឆន្ទគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ៕