សេអ៊ូល៖ លោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចផ្តល់ការលើកលែងទោសជាផ្លូវការ ដល់លោកស្រីអតីតប្រធានាធិបតី ផាក គឺនហេ ដែលកំពុងជាប់ពន្ធនាគារ ពីបទពុករលួយនោះហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក ផាក ប៊ុម គ្យេ (Park Beom-Kye) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅព្រឹកថ្ងៃសុក្រនេះថា «យើងបានដាក់បញ្ចូលឈ្មោះអតីតប្រធានាធិបតី Park (ទៅក្នុងបញ្ជីអ្នកដែលត្រូវបានលើកលែងទោស) ដើម្បីយកឈ្នះលើអតីតកាលដ៏អកុសល, បង្ហាញពីការរួបរួមរបស់ប្រជាជន និងជាការផ្តល់ឱកាស ដើម្បីបោះជំហានថ្មីមួយឆ្ពោះទៅអនាគត»

លោកស្រី ផាក គឺហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។

កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស។

គួរបញ្ជាក់ថា នៅមុនការប្រកាសដោយ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងខាងលើនេះ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខ្ញុំបានដឹងថា ឈ្មោះរបស់អតីតប្រធានាធិបតី ផាក ត្រូវបានដាក់ក្នុងបញ្ជីនៃមនុស្ស ដែលនឹងត្រូវទទួលបានការលើកលែងទោស»

កន្លងមកនេះគណបក្សកាន់អំណាចរបស់លោក មូន ចេអ៊ីន ធ្លាប់បានបំផុសគំនិតមួយថា ការលើកលែងទោសដល់លោកស្រី ផាក គឺនហេ និងអតីតប្រធានាធិបតី កូរ៉េខាងត្បូងមួយរូបទៀត គឺលោក លី ម្យុងបាក់ (Lee Myung-bak) គឺជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ។ ការសម្រេចចិត្តថ្ងៃនេះ ត្រូវបានគេមើលឃើញថា បានទទួលការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់មហាជនកូរ៉េខាងត្បូង ចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមីនា ឆ្នាំ២០២២​​ ៕