អង់គ្លេស៖ កាលពីពេលថ្មីៗនេះអង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជំរុញ​ឲ្យ​ប្រជាជនទូទាំងពិភពលោក​ធ្វើការ​លុប​ចោល​គម្រោង​ដើរ​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ខ្លះ ដើម្បី​ការពារ​សុខភាព​សាធារណៈ ដោយ WHO បានសង្កត់ធ្ងន់ថា  «​ការ​លុប​ចោល​ព្រឹត្តិការណ៍​មួយ​ប្រសើរ​ជាង​ការ​លុប​ចោល​ជីវិត​ ការ​សម្រេចចិត្ត​ដ៏​លំបាក​ត្រូវ​តែ​ធ្វើ​»​ ខណៈ​ដែល​វីរុស​​បំប្លែង​​ថ្មី​បាន​រាតត្បាត​ជុំវិញ​ពិភពលោក​។

ភ្លាមៗនោះក្រោយពីលោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ បានថ្លែងបាននេះ ព្រះមហាក្សត្រិយានី អេលីហ្សាបែត II បានសម្រេចលុបចោលព្រះរាជពិធីប្រពៃណីបុណ្យណូអែល នៅក្នុងព្រះដំណាក់ ​Sandringham នៅក្នុងឆ្នាំនេះ ប៉ុន្ដែព្រះមហាក្សត្រិយានី នឹងចំណាយពេលប្រារព្ធពិធីនេះ នៅក្នុងព្រះដំណាក់ Windsor Castle ជាកន្លែងដែលព្រះរាជវង្សានុវង្ស អាចចូលគាល់ព្រះ​មហាក្សត្រិយានី។

សូម​រម្លឹក​ថា វីរុស​​បំប្លែង​ថ្មី ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​រាយការណ៍​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​ការ​។ រហូត​មក​ដល​ពេល​នេះ វីរុស​បំប្លែង​ថ្មី​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជាង៨០ជុំវិញ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា និង​ថៃ​ផង​ដែរ​​ ៕