រាជធានីភ្នំពេញ៖​ ប្រិយមិត្តប្រាកដជាបានជ្រាប់ច្បាស់ហើយពីករណីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជា «មេខ្លោង» រៀបចំផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី​ ហើយពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាស្ថាពរ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ទៀតផង។

យ៉ាងណាមិញមានបងប្អូនជាច្រើននៅពុំទាន់ស្គាល់ថាលោក វីល្លៀម គ័ង​ ជាអ្នកណា មានប្រភពមកពីណាប្រវត្តិការសិក្សា គ្រួសារ មុខជំនួញ បែបណា ដូច្នេះថ្ងៃនេះ KBN នឹងធ្វើការសង្ខបខ្លីៗត្រួសៗពីប្រវត្តិលោក វីល្លៀម គ័ង​ ដូចខាងក្រោម៖

William Guang​ (ឈ្មោះពិត លោក សុវណ្ណវនា សារពង្ស) មានដើមកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្ននេះលោកមានអាយុ៤០ឆ្នាំហើយ ខណៈរូបលោកនៅពុំទាន់មានគ្រួសារនៅឡើយទេ។ កន្លងមកដោយលោកធ្លាប់បានលើកឡើងថា ម្តាយ​លោក​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន​ ៧ថ្ងៃ​ក្នុង​សម័យ​ប៉ុលពត ហើយ​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឱពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់​នៅ​ជាមួយពូ​បង្កើត​។

ប៉ុន្តែ​នៅ​ឆ្នាំ១៩៨៨ ដោយ​សារ​ជំនួញ​របស់​ពូលោក​ខ្ស័យធន់ហើយ​រត់​ទៅ​បរទេស លោក វីល្លៀម គ័ង ​ក៏​បាន​រស់​នៅ​តែ​ម្នាក់ឯងគ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​​វត្តនិរោធ។ អំឡុង​ពេល​លោក​រៀន​​សាកលវិទ្យាល័យ គឺ​ជា​ពេល​ដែល វីល្លៀម លំបាក​បំផុត​ ព្រោះ​គ្មានប្រាក់ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្តទៅ​​ធ្វើ​អ្នក​រត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេល​ទំនេរ​ទៅធ្វើ​សំណង់​ ​រៀបឥដ្ឋ​រក​ប្រាក់​បន្ថែមដើម្បី​រៀនសូត្រ ហើយ​ក្រោយ​ពីនោះ​បាន​ទៅ​សម្រាក​នៅ​វត្ត។

​មួយ​ថ្ងៃៗកាល​ជំនាន់​នៅ​រៀន ​លោក​​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បាន​តែ ៣ម៉ោង​គត់ ដោយ​សារ​លោក​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣ភ្លឺរាល់​ថ្ងៃ។ បន្ថែម​ពី​នោះ​លោក​បាន​រៀន​សរសេរ​អត្ថបទ​ស៊ី​ជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រក​ប្រាក់​បន្ថែម​ទៀត។

លោកក៏ជាអ្នករកសុីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡាខ្នាតធំមួយរូបផងដែរ ហើយអ្វីដែលជាពិសេសទៅទៀតនោះ លោកក៏ជាអ្នកនយោបាយ និងក៏ជាប្រធានគណបក្សមួយរូបថែមទៀត ខណៈការឈានជើងចូលក្នុងនយោបាយនេះគឺលោកបានទទួលប្រជាប្រិយភាពពីពលរដ្ឋគ្រប់បណ្ដាខេត្ត ដោយសារគេសង្កេតឃើញលោកតែងតែមានសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការជួយយកទុក្ខធុរៈរបស់ប្រជាពលរដ្ឋគ្រប់បណ្ដាខេត្ត។

យ៉ាងណាមិញនេះគឺគ្រាន់តែជាប្រវត្តិរបស់លោក វីល្លៀម គ័ង​ ធ្លាប់បានលើកឡើងកាលពីគ្រាកន្លងតែប៉ុណ្ណោះ ប្រវត្តិច្បាស់ មិនច្បាស់យ៉ាងណា KBN នឹងធ្វើការខិតខំស្រាវជ្រាវដើម្បីរកព័ត៌មានបន្ថែមក្នុងការចុះផ្សាយជូនប្រិយមិត្តឲ្យបានជ្រាបកាន់តែច្បាស់បន្តទៀត ៕