រាជធានីភ្នំពេញ៖ យុវតី២រូប ត្រូវបានរថយន្តមិនស្គាល់ម៉ាក បេីកបុកជាមួយម៉ូតូ​ Nex បណ្ដាលឲ្យយុវតី២នាក់នោះ រងរបួសធ្ងន់បាក់ជេីងទាំងពីរនាក់ដេកដួលក្នុងថ្លុកឈាម ខណៈត្រូវបានអ្នកឃេីញហេតុការណ៍ជួយទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបានបន្ថែមល្បឿន​បេីករត់បាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥៥ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ កាលពីវេលាម៉ោង០៣:០៥នាទីជិតភ្លឺ​ ឈានចូលថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២១នេះ​ ។

ប្រភពពីអ្នកឃេីញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃេីញយុវតី២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយ​សូគីនិច (Suzuki Nex) ពណ៍ផ្កាឈូកលាយស ពាក់ស្លាកលេខព្រៃវែង 1O-9471 បានជិះឌុបគ្នា​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវព្រះសីហនុ ទិសដៅពីកេីតមកលិច​ ក្នុងល្បឿនលឿន​ មកដល់កែងផ្លូវលេខ៥៥ ស្រាប់តែមានរថយន្តស៊េរីទំនេីបពណ៍ខ្មៅមួយគ្រឿង​ (មិនស្គាល់ម៉ាក) បានធ្វេីដំណេីរតាមផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីត ក្នុងល្បឿនលឿន ហេីយបានបួងបង្កូតបត់ឆ្វេងឡេីងមកផ្លូវ៥៥ ក៏ជ្រុលទៅបុកជាមួយម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវតីទាំង២នាក់ខ្ទាតបោកនឹងថ្នល់រងរបួសដេកដួលក្នុងថ្លុកឈាមទាំងពីរនាក់ ត្រូវបានអ្នកដំណេីរដែលឃេីញហេតុការណ៍ទាក់ទងហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ ពន្លឺ​ មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ​។

ចំណែករថយន្តវិញ​ ពេលបង្កគ្រោះថ្នាក់ហេីយក៏បន្ថែមល្បឿនបេីករត់ទៅតាមផ្លូវលេខ៥៥ ភ្លាមនោះគេឃេីញមានក្រុមអ្នកដឹកអាហារអនឡាញ​ និងប្រជាពលរដ្ឋដែលនៅក្បែរនោះ​ ជិះដេញតាមពីក្រោយដែរ​ តែតាមមិនទាន់​ក៏នាំគ្នាត្រលប់មកកន្លែងកេីតហេតុវិញ​ប្រាប់អ្នកយកព័ត៌មានយេីងដឹងមួយជំហានថា​ រថយន្តបង្ក​ជាប្រភេទរថយន្តស៊េរីទំនេីប​ ម៉ាក ALPHARD ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​(មិនចាំអក្សរ) ចាំតែលេខ 1850 ។

បន្តិចក្រោយមក​ក៏មានបងស្រីម្ចាស់ម៉ូតូបានជិះមកមេីលប្អូនដល់កន្លែងកេីតហេតុ​បានប្រាប់ថា​ ប្អូនស្រីរបស់ខ្លួនឈ្មោះ ស្រី ហួរ(ជាម្ចាស់ម៉ូតូ)​ និងអ្នករួមដំណេីរឈ្មោះស្រីណា ។ យុវតីរងគ្រោះទាំង២ អ្នកឌុបរងរបួសបាក់ជេីងខាងឆ្វេង​ និងអ្នកជិះពីក្រោយ រងរបួសបែកក្បាល​ និងបាក់ជេីងខាងឆ្វេង​ ។ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​រយៈពេលប៉ុន្មានម៉ោង​យុវតីរងគ្រោះឈ្មោះ​ ស្រី​ ហួរ​ បានដាច់ខ្យល់ស្លាប់​ទាំងវ័យក្មេង​ ធ្វេីឲ្យសាច់ញាតិក្រុមគ្រួសារយុវតីរងគ្រោះ​​ ស្រែកទ្រហោយំ​ សោកស្ដាយស្រណោះ​ និងមិនអស់ចិត្ត​សោះ​។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកេីតហេតុ ចុះ​យកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន​ នៅស្នាក់ការប៉ុស្តិ៍នគរបាលចតុមុខ​ ដេីម្បីរងចាំប្រគល់ជូនសាច់ញាតិជនរងគ្រោះវិញ​ ៕