ខេត្តស្ទឹងត្រែង៖ កសិករដាំបន្លែនៅសង្កាត់ព្រះបាទនិងនៅសង្កាត់ស្ទឹងត្រែង ជួបបញ្ហាប្រឈមដោយសារបន្លែបានទទួលផលហើយ   បែរជាកើតជំងឺងាប់ដើមជាបន្តបន្ទាប់ ហើយបញ្ហានេះក្រុមកសិករ សំណូមពរទៅមន្ត្រីជំនាញកសិកម្មសូមឱ្យចុះមកផ្តល់បទពិសោធន៍ក្នុងការថែ ទាំផង។   

លោកឡុងសារាត កសិករដាំបន្លែនៅសង្កាត់ព្រះបាទបានបញ្ជាក់ថា  បច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងបានងាកចេញពីការពឹងផ្អែកលើផលអនុផលព្រៃឈើ    ការធ្វើចំណាកស្រុក មកនាំគ្នាដាំបន្លែតាមការណែនាំរបស់អាជ្ញាធរ  ដើម្បីកែប្រែជីវភាពរស់នៅ ។

លោកបន្តថា ឆ្នាំនេះបន្លែដែលដាំបានធំលូតលាស់ល្អហើយ   បែរជាកើតជំងឺស្វិតដើមនិងងាប់នៅពេលបន្លែកំពុងទទួលផល ដូចជាត្រប់ ម្រះ សណ្តែកកួរ ត្រសក់ ត្រឡាច ត្រប់ និងម្ទេសជាដើម។ល។

កសិករម្នាក់ទៀត លោកស្រី ផល ពៅ ជាកសិករដាំសណ្តែកកួរ  នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ក៏បានបញ្ជាក់បន្ថែមថា “ការដាំបន្លែប៉ុន្មានឆ្នាំចុង ក្រោយនេះគឺជួបនូវបញ្ហាច្រើន ដូចជាសត្វល្អិតគ្រប់ប្រភេទមកស៊ីបំផ្លាញ- ដង្កូវមូស្លឹក និងមានមេរោគផ្សិតរលួយឬសនេះជាដើម។” ក្នុងនោះលោកស្រីសំណូមពរ “ឱ្យមន្ត្រីជំនាញកសិកម្មចុះមកពីនិត្យជាក់ស្តែងនិងជួយបង្ហាញពីវិធីសាស្ដ្រប្រើប្រាស់ថ្នាំកសិកម្ម និងការ ថែទាំ។”

ទាក់ទងនឹងរឿងនេះដែរ លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង បានទទួលយកការស្នើឡើងនេះ  ហើយសូមឱ្យកសិករ កុំបាក់ទឹកចិត្ត ត្រូវបន្តនាំគ្នាបង្កើនការដាំបន្លែជាលក្ខណៈគ្រួសារឱ្យបានច្រើនគ្នា  ដើម្បីរួមគ្នាជួយទប់ស្កាត់ជាមួយបន្លែនាំចូល  និងលក់បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារផង  ។

លោកាបានបន្តទៀតថា មន្ទីរកសិកម្មនិងបញ្ជូនមន្ត្រីជំនាញ  ឱ្យចុះមកដល់សួនបន្លែរបស់កសិករយើងតែម្ដងដើម្បីស្រាវជ្រាវ   ហើយធ្វើប្រឹក្សាគ្នាស្វែងរកដំណោះស្រាយ   ដូចជាការផ្លាស់ប្ដូរជី  និងការប្រើប្រាស់ថ្នាំសម្លាប់មេរោគក្នុងដី  ដែលមានពពួក(បាក់តេរី )បង្កឱ្យដំណាំកើតរោគផ្សិតឬសធ្វើឱ្យងាប់ដើមនេះ។

សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករជាង៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សារស្ទឹងត្រែងតែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយទេ   ដោយសារកសិករមួយចំនួនមិនទាន់បានផ្លាស់ប្ដូរទម្លាប់មកដាំដុះបន្លែទៅតាមលក្ខណៈបច្ចេកទេសនៅឡើយទេ  ទើបកើតមានបញ្ហាប្រឈមច្រើនបែបនេះ៕

ប្រភព: ក្រសួងព័ត៌មាន