រដ្ឋធានីវ៉ាស៊ីនតោន៖ លោក Elon Musk ជាសហគ្រិន និងជាមហាសេដ្ឋីខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេប៉ាន់ប្រមាណ បណ្ដាញទ្រព្យសម្បត្ដិរបស់គាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានរហូតដល់ទៅ ២៥៥ពាន់លានដុល្លារអាមេរិក (បើតាម Wikipedia) បានអះអាងថា នៅឆ្នាំនេះ គាត់នឹងបង់ពន្ធ រហូតដល់១១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា លោក Elon Musk កំពូលអ្នកមានម្នាក់នៅលើពិភពលោករបស់អាមេរិក បានសរសេរ នៅលើបណ្ដាញសង្គមធ្វីតធើររបស់គាត់ ថា គាត់នឹងបង់ពន្ធ ចំនួន១១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ។ កំពូលមហាសេដ្ឋីពិភពលោករបស់សហរដ្ឋអាមេរិករូបនេះ ត្រូវបានគេចាប់អារម្មណ៍ ក្នុងការជជែក ដេញដោលជាសាធារណៈ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម អំពីចំនួនពន្ធ ដែលគាត់ត្រូវបង់។
ជាមួយគ្នានេះដែរ នៅដើមសប្ដាហ៍នេះ លោកស្រី Elizabeth Warren ព្រឹទ្ធសមាជិកសហរដ្ឋអមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា លោក Musk គួរតែបញ្ឈប់ «ការដាក់បន្ទុកទៅលើអ្នកផ្សេង»។
មហាសេដ្ឋីរូបនេះ បានឆ្លើយតប ថា «សម្រាប់ការងឿងឆ្ងល់ទាំងនេះ ខ្ញុំនឹងបង់ពន្ធ ចំនួន១១ពាន់លានដុល្លាអាមេរិក នៅឆ្នាំនេះ»។ មហាសេដ្ឋីរូបនេះ ជាស្ថាបនិករថយន្ដដើរដោយប្រព័ន្ធអគ្គិសនី Tesla និង ជាអ្នកបង្កើតក្រុមហ៊ុនយានអវកាស SpaceX ហើយក្លាយជាកំពូលអ្នកមានលើលោក នៅឆ្នាំនេះ។ បើតាម Bloomberg បានអះអាងថា គាត់មានលុយ ចំនួន២៤៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Tesla របស់គាត់ មានតម្លៃ១ពាន់ពាន់លានដុល្លារ និង SpaceX មានតម្លៃ ១០០ពាន់លានដុល្លារ៕