រាជធានីភ្នំពេញ៖ លោក តាប៊ុយ ដែលជាអតីតពិធីករប្រចាំទូរទស្សន៍ My Tv ត្រូវបានម្ចាស់រថយន្តព្រុសដាក់ពាក្យបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងចំនួន៣បទល្មើស ហើយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក។ ពាក្យបណ្តឹងត្រូវបានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

សូមរំលឹកសាវតាររឿងរ៉ាវដែលនាំឱ្យកើតមានការប្តឹងផ្តល់គ្នានេះថា កាលពីម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយលោក ឃី ហុង ហៅតាប៊ុយ បើកបររថយន្តម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BK-8809 ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-7048 ពីក្រោយពេញទំហឹងលើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លុះក្រោយកើតហេតុភ្លាមៗ ភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយខាងតាប៊ុយ ដែលមានអាការៈស្រវឹងជោកជាំនោះ សន្យាចេញថ្លៃជួសជុលរថយន្តជូនភាគីរងគ្រោះ។ តែនៅថ្ងៃបន្ទាប់នៅពេលភាគីរងគ្រោះបង្ហាញថ្លៃជួសជុលរថយន្តអស់ ២,២៥០ដុល្លារ បែរជាតាប៊ុយ មិនព្រមទទួលខុសត្រូវ ដោយចោទថាថ្លៃហួសហេតុ ហើយផ្សាយតាមហ្វេសប៊ុកចោទភាគីរថយន្តព្រុសថា កេងចំណេញលើខ្លួន។​ ការដែលតាប៊ុយ មិនព្រមទទួលខុសត្រូវលើថ្លៃជួសជុលរថយន្ត ព្រមទាំងផ្សាយចោទភាគីរថយន្តព្រុសតាមបណ្តាញសង្គមហ្វេសប៊ុកនេះ ក៏នាំឱ្យភាគីរថយន្តព្រុសកើតការខឹងសម្បា និងដឹកពាក្យប្តឹងទៅកាន់តុលាការតែម្តង។

យោងតាមពាក្យបណ្តឹងមានលោកមេធាវី ហ៊ុយ មាំង តំណាងឱ្យជនរងគ្រោះដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់ពីសកម្មភាពមួយចំនួនមុនពេលកើតហេតុ។ នៅក្នុងពាក្យបណ្តឹងបានរៀបរាប់យ៉ាងលំអិតថា៖

មុនពេលកើតហេតុ តាប៊ុយ បានបើកដេញពីក្រោយដោយស៊ីផ្លេ និងបើកភ្លើងហ្វាកូតចុះឡើង១ នឹងបើកមកកៀកនឹងរថយន្តជនរងគ្រោះ ហើយធ្វើសកម្មភាពបើកកញ្ចក់ ស្រែកជេរ និងគំរាមសម្លាប់ជាច្រើនសានៅតាមផ្លូវ ដោយមិនដឹងមូលហេតុ។

នៅក្នុងពាក្យបណ្តឹងបន្តថា ឃើញសភាពបែបនោះជនរងគ្រោះ បានព្យាយាមបើករថយន្តគេចចេញពីជនល្មើស ប៉ុន្តែមិនអាចគេចបានឡើយ សកម្មភាពនោះរហូតដល់កន្លែងកើតហេតុ ដោយជនរងគ្រោះសម្រេចចិត្តឈប់រថយន្ត និងរត់ចេញពីរថយន្តខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ស្រាប់តែជនល្មើសបានបើកឡានបុករថយន្តជនរងគ្រោះពីក្រោយទាំងកំរោល។ ក្រោយបុករួចជនល្មើសនោរបានបើកកញ្ចក់ និងបានស្រែកជេរប្រមាថ ព្រមទាំងគំរាមសម្លាប់មកលើជនរងគ្រោះម្តងទៀត។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់បន្តថា ក្រោយធ្វើសកម្មភាពរួចជនល្មើសបានបើកឡានរត់គេចចេញពីកន្លែងកើតហេតុ នៅពេលនោះជនរងគ្រោះ បានបើករថយន្តដេញតាមពីក្រោយរហូតស្កាត់ឃាត់ឡានជនល្មើស នៅលើមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងអាយស្ម័យយាន្ត។ នៅពេលនោះជនល្មើសបានចុះពីលើឡាន ដោយមានសភាពស្រវឹងជោកជាំ ទន់ដៃទន់ជើងនិយាយមិនដឹងខុសមិនដឹងត្រូវ។

ជនរងគ្រោះបានសម្រេចប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន៣បទល្មើសរួមមាន៖ បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ, បើកបរក្នុងស្ថានភាពស្រវឹង និងបទបរិហារកេរ្តិ៍។

ជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក។ បើតាមជនរងគ្រោះថវិកាបានពីការប្តឹងនេះ ខ្លួននឹងយកទៅបរិច្ចាគជូនមន្ទីរពេ្យគន្ធបុប្ផា៕