ផ្សិតរងាដែលជាធនធានធម្មជាតិ ក្នុងមួយឆ្នាំមានម្ដង ត្រូវបានអ្នកស្រែ ចម្ការ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាំគ្នាចូលព្រៃបេះយកមកលក់នៅទីផ្សារ ដើម្បីបានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ក្នុងសកម្មភាពលក់ដូរផ្សិតរងានៅផ្សារស្ទឹងត្រែងថ្ងៃទី១៩ធ្នូនេះ  លោកស្រី ទី វ៉ាន់ប្រជាពលរដ្ឋនៅភូមិឃុំកោះស្រឡាយ ស្រុកសៀមបូកបានបញ្ជាក់ប្រាប់ថា៖ ផ្សិតរងានេះជាអនុផលព្រៃឈើមួយផ្នែក ដែលក្នុងមួយឆ្នាំផ្តល់ផលម្តង  ហើយកសិករឆ្លៀតពេលពីការងារដាំដុះ បាននាំគ្នាចូលព្រៃដើរបេះក្នុងមួយថ្ងៃបានពី១០ទៅ១៥គីឡូក្រាមតែប៉ុណ្ណោះ។

លោកស្រីបន្តថា៖នៅឆ្នាំនេះលក់បានថ្លៃជាងឆ្នាំកន្លងមកគឺក្នុង១គីឡូក្រាម បាន២ម៉ឺនរៀល ហើយការដើររកផ្សិតនេះវាជួបការលំបាកក៏ពិតមែន  តែវាប្រសើរជាងការទៅបរបាញ់សត្វ ដែលជួបហានិភ័យផ្សេងៗ ។

លោករិនដន ប្រជាពលរដ្ឋនៅភូមិ-ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ បានអះអាងថា៖ការដើររកផ្សិតនេះ ពួកគាត់មានការ ប្រុងប្រយ័ត្នណាស់  ជាពិសេស គឺពិនិត្យទៅលើដើមឈើដែលវាត្រូវដុះ មិនបេះយកមកផ្តេសផ្តាសនោះទេ   ដើម្បីការពារដល់សុខភាព អ្នកបរិភោគ   ព្រោះផ្សិតរងានេះភាគច្រើនវាដុះតែលើដើមចាម៉ាស-ដើមពពេល-ឬដើមផ្ចឹក ជាដើម។

លោកស្រី មេង ឡាងអ្នកទទួលទិញលក់បន្លែគ្រប់មុខ បានលើកឡើងថា៖ ផ្សិតនេះជាអាហារមួយផ្នែក មានរសជាតិឆ្ងាញ់ ហើយក្នុងមួយឆ្នាំបាន បរិភោគតែម្ដង ស្រួលចំណាំទិញទៅបរិភោគ ព្រោះផ្សិតរងានេះវាអត់ពុលទេ ហើយរសជាតិឆ្ងាញ់ពីធម្មជាតិតែម្ដង ។

លោកស្រី មាស នារតី បាន បញ្ជាក់ថា៖ផ្សិតរងា ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានចាត់ទុកជា បន្លែធម្មជាតិដ៏កម្រព្រោះក្នុងមួយឆ្នាំមានតែម្ដងទេ គឺក្នុងខែរងា ទើបនាំគ្នានិយមបរិភោគគ្រប់ៗគ្នា។ លោកស្រីបន្ថែមថា៖ បន្លែធម្មជាតិនេះ យើងកម្របាន បរិភោគមែន  ហើយប្រជាពលរដ្ឋតែងតែនាំគ្នាទិញទៅធ្វើម្ហូបតាមបែបផ្សេងៗគ្នា ដូចជាចំហុយត្រី-សម្លម្សៅ -ប្រហើរ   ឬឆាជាមួយសាច់គោនិងសាច់ជ្រូកក៏បានដែរ។ សូមបញ្ជាក់ថា៖ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជា -ផ្សិតទន្សោង-ផ្សិតក្ងោក ផ្សិតកញ្ចូរ-ផ្សិតប៉ក់-ផ្សិតតុកកែ-ផ្សិតត្រចៀកកណ្តុរ-និងផ្សិតរងានេះ៕

ប្រភព: ក្រសួងព័ត៌មាន