រាជធានីភ្នំពេញ៖ គិត​ចាប់​ពី​ចុង​ខែ​មេសា​មក​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​ បាន​បញ្ឈប់​ការងារ​កម្មករ​និយោជិត​ចំនួន​ជាង​ ១៣០០​នាក់ ដែលនាំឲ្យវិវាទកើតឡើងរវាងបុគ្គលិក នឹងក្រុមហ៊ុន ខណៈពួកគេទាមទារឱ្យក្រុមហ៊ុន យកអ្នកដែលត្រូវបានខ្លួនបញ្ឈប់នោះ ឱ្យចូលធ្វើការងារវិញ និង ទូទាត់ប្រាក់សំណង តាមច្បាប់ការងារ។

ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ហេង សួរ បានចេញមកពន្យល់ ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើល ដែល KBN បានដកស្រង់ចេញពីទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម៖

ជាទូទៅការដោះស្រាយវិវាទ ដែលពាក់ព័ន្ធនឹងតួលេខ ហើយអាចគណនាបានដោយវិទ្យាសាស្ត្រពិត ឬដោយប្រមាណវិធី បូក ដក គុណ ចែក នោះគឺមិនលំបាកក្នុងការដោះស្រាយនោះទេ។ ប៉ុន្តែវិវាទ ដែលកើតឡើងដោយយកហេតុផលសិទ្ធិផ្តាច់មុខ ឬទាមទារប្រយោជន៍អ្វីមួយ ដែលមិនមានចែងក្នុងច្បាប់ ឬទាមទារលើសច្បាប់ នោះគឺមិនងាយនឹងមានលទ្ធផលនោះឡើយ។

ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយ និងផ្សះផ្សាជាច្រើនលើក តាំងពីនៅកម្រិតក្រុមហ៊ុន ឡើងមកដល់កម្រិតក្រសួង ហើយចុងក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។

បច្ចុប្បន្នភាគីសហជីពបានបដិសេធសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញារកណ្តាល ប៉ុន្តែបែរជាតម្រូវឲ្យនិយោជកអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទៅវិញ។ ការណ៍នេះ ពុំបានបង្ហាញអំពីសុច្ឆន្ទៈបដិការក្នុងការទទួលយកដំណោះស្រាយនោះឡើយ។

នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ។ សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬសង្វាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្ត គឺក្រុមហ៊ុន សហគ្រាសអាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយគឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជាត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។

កន្លងទៅ ក្រសួងបានបញ្ជាក់រួចហើយថា ក្រសួងប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអកុសលត្រូវមានឈ្មោះក្នុងការកាត់បន្ថយបុគ្គលិក ដោយសារតែការធ្លាក់ចុះជាគំហុកនៃភ្ញៀវ និងការសើរើ ឬកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន។

ក្រសួងនឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណងប្រសិនជាភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែក្រសួង ក៏ដូចជាសហជីព ឬអង្គការមិនមានសិទ្ធិអំណាច “ហាមឃាត់ក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ”។

ក្នុងបរិបទកូវីដ-១៩ នេះ ភាគីវិវាទត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាល នៅពេលធ្វើសកម្មភាពអ្វីមួយ។ ភាគីពាក់ព័ន្ធមិនគួរប្រើប្រាស់បងប្អូនស្រីមានផ្ទៃពោះជាតួអង្គជំនួសខ្លួននៅទីសាធារណៈ ដែលមានសមាសភាពចម្រុះនោះទេ ពីព្រោះស្ត្រីមានផ្ទៃពោះ ជាទូទៅមានហានិភ័យខ្ពស់ជាងមនុស្សទូទៅ ប្រសិនជាឆ្លងជំងឺកូវីដ-១៩។ ទោះមាន ឬគ្មានវត្តមានបងប្អូនស្ត្រីមានផ្ទៃពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធនឹងបន្តដោះស្រាយករណីវិវាទនេះទៅតាមនីតិវិធីជាធរមាន។

ខ្ញុំសង្ឃឹមថាសាធារណជន នឹងវិនិច្ឆ័យព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយចំពោះករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។ ខ្ញុំសូមជម្រាបថា បងប្អូនបុគ្គលិក ដែលធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍គឺបានទទួលប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងទីផ្សារ និងសហគ្រាសផ្សេងដែលប្រកបមុខរបរដូចគ្នានេះ។

ក្នុងកាលៈទេសៈ ដែលវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងកាស៊ីណូកំពុងខិតខំទប់ខ្លួន និងរកវិធីស្តារសកម្មភាពឡើងវិញ ការយោគយល់ អធ្យាស្រ័យ និងតស៊ូមតិដោយសមស្រប និងមានវិជ្ជាជីវៈគឺជារឿងចាំបាច់។

ការស្តាប់ការធានាអះអាងរបស់បរទេស ដែលកំពុងរងចាំដុតផ្ទះយើង នឹងនាំមហន្តរាយដល់ខ្លួនយើងវិញដែរ។ ជាលក្ខណបុគ្គល ខ្ញុំគាំទ្រទាំងស្រុងរាល់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណី ដែលមានភស្តុតាងអំពីការលូកដៃរបស់បរទេសណាមួយ ឬនៅពេលដែលហេតុផល និងវិជ្ជាជីវៈ ដើរដល់ផ្លូវទាល់៕