ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធ១ក្រុមមានគ្នា៤នាក់ ជិះរថយន្តម៉ាកឡិចសុីGS-300 មួយគ្រឿង បានធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែល ជានកលក់ឡេដ៍ល្បីឈ្មោះម្នាក់ដល់ក្នុងភូមិគ្រឹះ ដោយ យកគ្រឿងអលង្ការពេជ្រ និងលុយអស់សរុបជាទឹក ប្រាក់ ប្រមាណ ១០លានដុល្លារ ។ បន្ទាប់ពីធ្វេីសកម្មភាពរួចក្រុមចោរបាន បើករថយន្តនោះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ នេះបើតាមការបង្ហើបប្រាប់ឲ្យដឹងពីមន្រ្តីនគរបាលមួយរូប។

មន្រ្តីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ នៅចណុច ផ្ទះលេខវី០១ បុរីមូនថោន ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះ គឺឧកញ៉ា អ៊ាន សៀវម៉ី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរមានអាស័យដ្ឋាន កន្លែង កេីតហេតុហេីយ បាត់បង់គ្រឿងអលង្ការពេជ្រតម្លៃជាង ១០លានដុល្លារ និងលុយជាង១០ម៉ឺនដុល្លារអាមេរិចបន្ថែមទៀត ។ ដោយឡែកក្រុម ជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្ដសញ្ញាណ ប្រដាប់ដោយអាវុធ និងជិះរថយន្តម៉ាកឡិចសុិស GS-300 មួយគ្រឿង ។

ទាក់ទិននឹង ហេតុការណ៍នេះ គេនៅពុំដឹងលម្អិតជាងនេះនៅឡើយទេ ហើយក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំង នគរបាល និងកម្លាំង កងរាជអាវុធហត្ថបានចុះទៅកាន់ទីតាំងកើតហេតុនោះពិនិត្យ យជាក់ស្ដែងព្រមទាំងចេញពួនស្ទាក់គ្រប់ទីកន្លែង ប៉ុន្តែពុំបានជួបប្រទះក្រុមចោរទាំងនោះឡើយ ។ ពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ខាងលើនេះ ដេីម្បីឈានទៅដល់ការចាប់ខ្លួនយក មកផ្ដន្ទាទោសតាមច្បាប់ ៕ កែន សុខគីម