ប្រទេសនីហ្សេរីយ៉ា ៖ សត្វឆ្កែរាប់រយក្បាលត្រូវបានម្ចាស់របស់ពួកគេនាំមក ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងកម្មវិធី “Back to School” នៅឆ្នាំនេះ ។

ពិធីបុណ្យ Lagos Dog Carnival នេះបានប្ររព្ធធ្វើឡើងនៅថ្ងៃទី13 ធ្នូ 2021 ក្នុងក្រុងទីឡាហ្គោស ប្រទេសនីហ្សេរីយ៉ា វាជាឆ្នាំទី3 ហើយដែលបានប្ររព្ធធ្វើឡើង ម្ចាស់សត្វចញ្ចឹមទាំងនោះបាននាំយកពូជផ្សេងៗគ្នាជាច្រើន ដោយស្លៀកពាក់ឯកសណ្ឋានចម្រុះពណ៌ ក៏ដូចជាវ៉ែនតា និងជាមួយកាបូបសិស្សដែលជាប់នឹងខ្នងរបស់ពួកវាយ៉ាងទាក់ទាញ ។
លោកស្រី Jackie Idimogu ដែលជាអ្នករៀបចំកម្មវិធី Carnival បាននិយាយប្រាប់រ៉យទ័រថា ព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន ហើយគួរឱ្យចាប់អារម្មណ៍ចំនួនសត្វឆ្កែដែលបានចូលរួមនៅឆ្នាំនេះ គឺលើសពី250ក្បាល ដែលជាចំនួនទ្វេដងនៃអ្វីដែលយើងបានកត់ត្រាកាលពីឆ្នាំមុន ។ លោកស្រីបានបន្តថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឱ្យម្ចាស់នាំយកសត្វចិញ្ចឹមរបស់ពួកគេចូលរួមក្នុងសកម្មភាពនៃការអាណិតស្រលាញ់សត្វ និងរៀនពីគ្នាទៅវិញទៅមកពីរបៀបថែរក្សាសត្វចិញ្ចឹមឱ្យកាន់តែប្រសើរឡើង។
លោកស្រីបានបន្តទៀតថា នឹងមានគម្រោងរៀបចំព្រឹត្តិការណ៍នេះទៅកាន់ទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសនីហ្សេរីយ៉ានាពេលអនាគត ដើម្បីបង្កើនការយល់ដឹងអំពីរបៀបថែទាំសត្វឆ្កែ និងការស្រលាញ់អាណិតចំពោះសត្វឆ្កែ ដែលជាសត្វចិញ្ចឹម ។ ដោយ Mr Loy