បរទេស៖ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជិត ៧០ នាក់ធ្វើការនៅក្នុងអង្គភាពថែទាំមួយកន្លែង នៃមន្ទីរពេទ្យក្នុងប្រទេសអេស្ប៉ាញ បានឆ្លងកូវីដ-១៩  បន្ទាប់ពីពួកគេបានទៅចូលរួមពិធីជប់លៀងបុណ្យណូអែល។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ និង ឱ្យដឹងថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន ៦៨ នាក់ដែលធ្វើការនៅក្នុងអង្គភាពថែទាំ នៃមន្ទីរពេទ្យ Regional នៃសាកលវិទ្យាល័យ Malaga ក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកនូវជំងឺកូវីដ -១៩ ។ ក្នុងនោះមន្ត្រីសុខាភិបាលអេស្ប៉ាញនិយាយថា ពេលនេះពួកគេកំពុងស៊ើបអង្កេតប្រភពនៃការឆ្លង ដោយពួកគេទាំង ៦៨ នាក់បានចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលមួយកន្លែង ដែលមានមនុស្សចូលរួមចំនួន ១៧៣ នាក់កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ។ គ្រូពេទ្យទាំងអស់បានឆ្លងកាត់ការធ្វើតេស្តហើយក៏រកឃើញថាមានវិជ្ជមាន  ទោះជាពួកគេបានទទួលការចាក់វ៉ាក់សាំងលើកទី៣ហើយក៏ដោយ។

យ៉ាងណាមិញនាយករដ្ឋមន្រ្តី Pedro Sanchez បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងកូវីដ -១៩ ក្នុងអំឡុងពេលបុណ្យណូអែលនេះ ហើយអាជ្ញាធរសុខាភិបាលខេត្ត Andalusia  ក៏ព្រមានបុគ្គលិកនៃមន្ទីរពេទ្យរដ្ឋ និងឯកជនផ្សេងទៀតជៀសវាងការចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលផងដែរ ស្របពេលដែលអាជ្ញាធរអេស្ប៉ាញបានបង្ហើបថា អ្នកឆ្លងកូវីដ-១៩ ប្រភេទ Omikron ថ្មី បួនករណីហើយត្រូវបានរកឃើញក្នុងប្រទេស ៕